(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាមានមហិច្ឆតាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ប្រកបដោយភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ ដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិ ដូចកាលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែរ ។

ការគូសបញ្ជាក់នេះ ស្របពេលលោកឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលរួមបិទការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិ លើកទី២ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃសុក្រនេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ហើយបានថ្លែងអំណរគុណ ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីមកពីតាមក្រសួង និងរាជធានី-ខេត្តទាំងអស់ ។

ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី បានរំលេចផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ដែលទាមទាឲ្យកម្ពុជាត្រូវមានសមត្ថភាពពេញលេញលើគ្រប់ទិដ្ឋភាព និងមានធនធានចាំបាច់ និងគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឲ្យបានល្អ និងរលូនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លោកបន្ដថា «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ដូចដែលកម្ពុជាធ្លាប់ទទួលបានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងមក» ។

«ក្នុងន័យនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះការពិនិត្យឡើងវិញនូវបទដ្ឋាននៃការប្រកួត ដែលឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង និងសូមដាក់ចេញនូវវិធានការបន្ដពង្រឹងនូវសហព័ន្ធកីឡាជាតិយើង ដើម្បីឲ្យកីឡាជាតិយើង មានសមត្ថភាពរឹងមាំ នៅក្នុងការរៀបចំការប្រកួត ។ ការពង្រឹងការហ្វឹកហាត់ ដើម្បីឲ្យកីឡាករ-កីឡាការិនីយើង មានសមត្ថភាពក្នុងការប្រកួត ទាំងថ្នាក់ជាតិ តំបន់ និងអន្ដរជាតិ» ។ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បន្ថែម ។

លោករដ្ឋមន្ដ្រីបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តពង្រឹងយន្តការកំណែទម្រង់វិស័យកីឡាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តកិច្ចសហការលក្ខណៈជាប្រព័ន្ធក្នុងស្មារតីមហាគ្រួសារកីឡា កម្ពុជាជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់វិស័យកីឡាជាតិឱ្យមានការរីកចម្រើនទៅមួយកម្រិតបន្ថែមទៀត ជាពិសេសការរៀបចំកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ និងការត្រៀមលក្ខណៈឆ្ពោះទៅការរៀបចំការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ និងយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ នៅឆ្នាំ២០២៩ ព្រមទាំងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតតំបន់ និងកម្រិតទ្វីបដទៃទៀត នាពេលខាងមុខ។

លោករដ្ឋមន្ដ្រីបន្ថែមថា ក្រសួងអប់រំ នឹងសហការជាមួយដៃគូពាក់ព័ន្ធ ពិសេស NOCC, NPCC ក៏ដូចជាសហព័ន្ធកីឡាជាតិទាំងអស់ ដើម្បីបន្ដធ្វើកំណែទម្រង់វិស័យកីឡា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្ដកិច្ចសហការលក្ខណៈជាប្រព័ន្ធ ក្នុងស្មារតី មហាគ្រួសារកីឡាកម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់វិស័យកីឡាជាតិឲ្យមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ពិសេសការរៀបចំកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ នាឆ្នាំ២០២៦ និងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ និងកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ ព្រមទាំងការចូលរួមព្រឹត្តិការណ៍កម្រិតតំបន់ កម្រិតទ្វីបដទៃទៀត ។

គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកចូលរួមជាង ៥ពាន់នាក់ មកពី ៣ក្រសួង និង ២៥រាជធានី-ខេត្ត ដែលប្រកួតលើកីឡាជាតិ លើកទី៤ ចំនួន ៣៦ប្រភេទកីឡា និងប្រកួតកីឡាជាតិជនពិការ លើកទី២ លើ ៧ប្រភេទកីឡា នៅតាមទីតាំងចំនួន ៥ធំៗ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ។

ជាលទ្ធផលបច្ចេកទេសរួម សម្រាប់កីឡាជាតិ លើកទី៤ គ្រប់អត្តពលិកក្រសួង និងរាជធានី-ខេត្ដ ចូលរួមប្រកួត សុទ្ធតែដណ្ដើមបានមេដាយ ប៉ុន្ដែក្រសួងមហាផ្ទៃ បានការពារតំណែងដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤៨គ្រឿង (មាស ១២៧, ប្រាក់ ៧២ និងសំរឹទ្ធ ៤៩) ខណៈក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៨៨គ្រឿង (មាស ៩១, ប្រាក់ ៥៦ និងសំរឹទ្ធ ៤១), ក្រសួងសេដ្ឋកិច្ច ឈរលេខ៣ ឈ្នះមេដាយសរុប ៤៩គ្រឿង (មាស ១៩ ប្រាក់ ១៤ និងសំរឹទ្ធ ១៦) ។

ចំណែកតារាងមេដាយ នៃកីឡាជាតិជនពិការ លើកទី២ ក្នុងចំណោម ២៨ក្រសួង និងរាជធានី-ខេត្តចូលរួម គឺមាន ១៧រាជធានី-ខេត្ត ដណ្ដើមបានមេដាយ ខណៈ ១១ក្រសួង និងរាជធានី-ខេត្ត ពុំទទួលបានមេដាយ ។ សម្រាប់ក្រុមឈ្នះមេដាយច្រើនជាងគេ គឺខេត្តកណ្ដាល ដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១៤ ប្រាក់ ៩ និងសំរឹទ្ធ ១៧), ខេត្តតាកែវ ឈរលេខ២ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ១០ ប្រាក់ ១ និងសំរឹទ្ធ ៤) និងខេត្តកែប ឈរលេខ៣ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៨ ប្រាក់ ៤ និងសំរឹទ្ធ ២) ៕