(អ៊ីស្តង់ប៊ូល)៖ លោក Jose Mourinho អ្នកចាត់ការទូទៅក្លិប Fenerbahce ត្រូវបានពិន័យព្យួរ ១ប្រកួត បន្ថែមលើទឹកប្រាក់ប្រមាណ ១៩,៣៨០ដុល្លារទៀត ដោយសារតែសកម្មភាពរិះគន់អាជ្ញាកណ្តាលតួកគី ក្នុងប្រកួតលីគនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Jose បានធ្វើការរិះគន់អាជ្ញាកណ្តាលតាមរយៈកាយវិការ និងពាក្យសំដីផងដែរ នៅក្រោយបញ្ចប់ការប្រកួតដែល Fenerbahce បានយកឈ្នះគូប្រជែង Trabzorspor ៣-២ ជាមួយនឹងការថ្កោលទោសស្តង់ដារអាជ្ញាកណ្តាលនៅតួកគីទៀតផង។

រំលងបាន ១សប្តាហ៍ ពោលគឺនៅចុងសប្តាហ៍នេះ សហព័ន្ធបាល់ទាត់តួកគីបានចេញសេចក្តីថ្លែងការណ៍ អំពីមតិរិះគន់របស់លោក Jose ដោយបានចាត់ទុកថា «មិនផ្តល់តម្លៃដល់បាល់ទាត់តួកគី និងគុណតម្លៃ fair play ក្នុងនាមជាចាស់ទុំមួយរូបក្នុងកីឡា»

សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា អតីតគ្រូបង្វឹករបស់ Real Madrid និង Inter Milan ខាងលើនេះ គឺចង់សំដៅដល់គ្រប់អាជ្ញាកណ្តាលនៅតួកគីទាំងអស់ កាត់សេចក្តីប្រកបដោយភាពលំអៀងនៅគ្រប់ការប្រកួតផ្សេងទៀតផងដែរ ដែលគាត់មិនសប្បាយចិត្ត នៅពេលក្រុមម្ចាស់ផ្ទះ Trabzonspor បានទទួលបាល់ ១១ម៉ែត្រ ២លើក ដោយមានការចូលរួមពីអាជ្ញាកណ្តាល រួមទាំងជំនួយការ និង VAR ថែមទៀតនោះ។

ក្នុងប្រកួតនោះដែរ Jose ក៏បានគិតថា ក្រុមរបស់លោកគួរតែបានបាល់ប៉េណាល់ទីផងដែរ នៅមុនពេល Amrabat ធ្វើបានគ្រាប់ជ័យជម្នះចុងម៉ោងនោះ៕