(បរទេស)៖ កម្មវិធី chatbot ដ៏ពេញនិយមរបស់ OpenAI គឺ ChatGPT បានបន្តប្រតិបត្តិការឡើងវិញ បន្ទាប់ពីជួបបញ្ហាគាំងនៅព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ម៉ឺននាក់។ OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «បញ្ហាជាមួយ ChatGPT ត្រូវបានដោះសា្រយ» ហើយការចូលប្រើត្រូវបានស្តារឡើងវិញដល់អ្នកប្រើប្រាស់ភាគច្រើននៅម៉ោង ៤:៣៤នាទីរសៀលប៉ាស៊ីហ្វិក ត្រូវនឹងម៉ោង ៧:៣៤នាទីព្រឹកម៉ោងនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រុមហ៊ុនបញ្ញាសិប្បនិមិ្មត AI នេះបានគូសបញ្ជាក់ថា អ្នកប្រើប្រាស់មួយចំនួនតូចនឹងនៅតែចួបបញ្ហាអាចដោះស្រាយប្រហែល កន្លះម៉ោងបន្ថែមទៀត ប៉ុន្តែមកទល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់មានការ update នៅឡើយនោះទេ។ យោងតាមគេហទំព័រ Downdetector.com បានបង្ហាញថាបញ្ហាគាំងមានរយៈពេលប្រហែល ៣០នាទីនេះ បានប៉ះពាល់ដល់អ្នកប្រើប្រាស់ជាង ១៩,៤០០នាក់ គិតត្រឹមម៉ោង ៧:១៣នាទីព្រឹកនៅកម្ពុជា។ ជុំវិញបញ្ហាគាំង ChatGPT នេះក្រុមហ៊ុននៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយនោះទេ ប៉ុន្តែត្រូវបានគេរំពឹងថា ទំនងបណ្តាលមកពីកំណើនអ្នកប្រើប្រាស់ច្រើន។
គួរជម្រាបថា ចាប់តាំងពីការបើកដំណើរការរបស់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ChatGPT របស់ OpenAI ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយទាក់ទាញអ្នកប្រើប្រាស់សកម្មប្រចាំសប្តាហ៍ចំនួន ២៥០លាននាក់។ តម្លៃក្រុមហ៊ុន OpenAI បានហក់ឡើងដល់ ១៥៧ពាន់លានដុល្លារគិតត្រឹមខែតុលា ឆ្នាំ២០២៤ ពីតម្លៃ ១៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ខណៈដែលប្រាក់ចំណូលបានកើនឡើងដល់ ៣.៦ពាន់លានដុល្លារផ្តើមចេញពីសូន្យ ដែលលើសពីការព្យាករណ៍របស់លោក Altman នៅពេលនោះ៕