(បរទេស)៖ ចៅក្រមសហព័ន្ធអាមេរិកបានសម្រេចថាលោក Mark Zuckerberg នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Meta Platforms មិនអាចទទួលខុសត្រូវជាលក្ខណៈផ្ទាល់ខ្លួន នៅក្នុងបណ្តឹងចំនួន២៥ ដែលចោទប្រកាន់ថាក្រុមហ៊ុនរបស់លោកបានរួមចំណែកដល់ការពង្វក់កុមារក្នុងការប្រើប្រាស់បណ្តាញសង្គមនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ចៅក្រមស្រុកអាមេរិកលោកស្រី Yvonne Gonzalez Rogers បានចេញសេចក្តីសម្រេចនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ដោយច្រានចោលការអះអាងដែលថា Zuckerberg បានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់​ Meta ដើម្បីលាក់បាំងហានិភ័យសុខភាពផ្លូវចិត្តកុមារដែលទាក់ទងនឹងការប្រើប្រាស់ Facebook និង Instagram។

ជុំវិញពាក្យបណ្តឹងដែលដាក់នៅក្រោមច្បាប់នៃរដ្ឋចំនួន​១៣ បានចោទប្រកាន់លោក Zuckerberg ថាជា «ស្មារតីដឹកនាំ» ក្នុងន័យនេះ គឺសំដៅថាលោក ជាមនុស្សដ៏មានឥទ្ធិពលបំផុតនៅពីក្រោយរឿងនេះ។ ពោលគឺ ជាអ្នកផ្តួចផ្តើមគំនិត និងបិទបាំងគ្រោះថ្នាក់ដែលអាចកើតមានលើកុមារ បើទោះបីជាមានការព្រមានផ្ទៃក្នុងអំពីហានិភ័យទាំងនេះក៏ដោយ។ តែយ៉ាងណា ចៅក្រមបានរកឃើញថាមានភស្តុតាងមិនគ្រប់គ្រាន់នោះទេ ទាក់ទិននឹងការចោទប្រកាន់ Zuckerberg ហើយបាននិយាយថា «ការគ្រប់គ្រងសកម្មភាពអាជីវកម្មតែម្នាក់ឯងគឺ មិនគ្រប់គ្រាន់ទេ» ហើយក៏មិនអាចធ្វើឱ្យ CEO រូបនេះទទួលខុសត្រូវចំពោះសកម្មភាពនោះដែរ។ ការសម្រចចិត្តនេះ មិនប៉ះពាល់ដល់បណ្តឹងទាំងមូលដែលដាក់លើ Meta នោះទេ។

គួរជម្រាបថា មេធាវីរបស់ដើមបណ្តឹងគឺលោក Previn Warren បានបង្ហាញថាពួកគេនឹងបន្តប្រមូលភស្តុតាងដើម្បីបង្ហាញពីរបៀបដែល Big Tech ផ្តល់អាទិភាពដល់ប្រាក់ចំណេញជាជាងសុវត្ថិភាពរបស់កុមារ៕