(ភ្នំពេញ)៖ ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ ។ ជាមួយគ្នា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញសមិទ្ធផលជោគជ័យធំៗ ៥ចំណុច នៃព្រឹត្តិការណ៍កីឡាជាតិ ២ឆ្នាំម្ដងនេះ រួមមាន៖

ទី១-កម្មវិធីរត់ភ្លើងគប់កីឡាជាតិ តាមបណ្ដាលខេត្តនានា រហូតចូលដល់រាជធានីភ្នំពេញ ដើម្បីប្រារពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី៣០ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ ការរត់ភ្លើងគប់នេះ គ្រប់រាជធានី-ខេត្ត ត្រូវបានយកចិត្តទុកដាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរ ហើយមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋ ដូចជាខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង និងខេត្តកណ្ដាលជាដើម ដោយខេត្តនីមួយៗ បានយកចិត្តទុកដាក់ ក៏ដូចជាជំរុញឲ្យការផ្សព្វផ្សាយ និងបំផុសចលនាកីឡាជាតិយ៉ាងជោគជ័យ ។

ទី២-ការដាក់ចេញនូវបុព្វបទ «កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ» ដែលត្រូវបានផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ និងគោលការណ៍ផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ជុំវិញការអភិវឌ្ឍ និងដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ទៅដល់ស្រទាប់មហាជន ។ លើសពីនេះ យើងបានផ្សព្វផ្សាយយុទ្ធនាការជាតិជាច្រើន ដូចជាយុទ្ធនាការ «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត» «កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី» «កីឡាគ្មានសារធាតុដូប៉ា» «កីឡាប៉ៃតង» និង «កីឡាស្អាតស្អំ» ជាដើម ពិសេសគឺ «កីឡារស់ក្នុងសន្ដិភាព» ដែលបានបញ្ជ្រាបតាំងពីថ្ងៃចេញដំណើរនៃការរត់ភ្លើងគប់ រហូតដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ។ នេះគឺជាជោគជ័យថ្មីមួយទៀត សម្រាប់បេសកកម្មដ៏ធំរបស់ក្រសួងអប់រំ ក្រោយមានការផ្លាស់ប្ដូរវិធីសាស្ដ្រនៃការរៀបចំពីឆ្នាំមុនៗ ។

ទី៣- ជោគជ័យសំខាន់ជាងគេ គឺពិធីបើក ។ ពិធីបើក គឺជាកម្មវិធីមួយ ដែលបង្ហាញអំពីការចូលរួម បង្ហាញអំពីសក្ដានុពលវប្បធម៌ ភាពជឿនលឿន និងសក្ដានុពលជាតិរបស់យើង និងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ នៅក្នុងពិធីបើក ក៏ដូចជាពិធីបិទការប្រកួត ពិសេសវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានធ្វើឲ្យព្រឹត្តិការណ៍ នៃពិធីបើកនេះ ទទួលបាននូវភាពកក់ក្ដៅ និងទទួលបាននូវសប្បាយរីករាយ ជាមួយវត្តមានប្រជាពលរដ្ឋ ដែលទស្សនាផ្ទាល់ជាង ៤ម៉ឺននាក់ និងការតាមដានទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយ ដែលបានប្រព្រឹត្តទៅយ៉ាងល្អ ទោះបីមានភ្លៀងធ្លាក់ខ្លះ តែការប្រព្រឹត្តទៅនៃពិធីបើក បានប្រព្រឹត្តទៅយ៉ាងរលូន គ្រប់ជ្រុងជ្រោយ និងទទួលបាននូវភាពភ្ញាក់ផ្អើលផ្សេងមួយទៀត ប្លែកពីអ្វីដែលយើងបានធ្វើមុនៗ ។

៤- ជោគជ័យនៃដំណើរការប្រកួត ។ ការប្រកួតបានកាត់បន្ថយនូវបញ្ហាវិវាទច្រើនមែនទែន អាចថា សហព័ន្ធកីឡាជាតិ មានបទពិសោធន៍រឹងមាំ និងភាពចាស់ទុំច្រើនក្នុងការរៀបចំ ក្រោយពីរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងកីឡាជាតិមុនៗ រហូតមកដល់ឥលូវ បានពង្រឹងកាន់តែល្អប្រសើរ ដោយការប្រកួតបានកាត់បន្ថយនូវវិវាទផ្នែកបច្ចេកទេស ឬស្មារតីការងារការទទួលខុសត្រូវវិជ្ជាជីវៈក្នុងការរៀបចំព្រឹត្តិការណ៍របស់អាជ្ញាកណ្ដាល-ចៅក្រម មានការកើនឡើងច្រើន មានការយោគយល់ច្រើន ហើយកាត់បន្ថយជម្លោះសឹងថាជិត ៩០% យើងមានករណីបន្ដិចបន្ដួចប៉ុណ្ណោះ ។ នេះគឺជាសមត្ថភាពនៃការដឹកនាំ និងការរៀបចំគ្រប់គ្រងដំណើរការប្រកួតរបស់សហព័ន្ធកីឡាជាតិ ដែលគួរឲ្យវាយតម្លៃខ្ពស់ និងគួរឲ្យលើកទឹកចិត្ត និងជំរុញទឹកចិត្តបន្ថែមដល់សហព័ន្ធកីឡាជាតិរបស់យើង ។

៥- លទ្ធផលការប្រកួត សម្រាប់កីឡាជាតិ លើកទី៤ នេះ គ្រប់ក្រសួង និងរាជធានី-ខេត្តចូលរួមទាំងអស់ សុទ្ធតែទទួលបានមេដាយ មិនមានខេត្ត ឬក្រសួងណាអត់មេដាយឡើយ គ្រាន់តែទទួលបានតិចច្រើន តាមជាក់ស្ដែង... ។ នេះហើយគឺជាគោលការណ៍មួយ ដែលយើងខ្ញុំទាំងអស់គ្នា កំពុងយកចិត្តទុកដាក់ពិនិត្យទៅលើស្ថិតិនៃកំណើនបច្ចេកទេស ចំណុចខ្លាំង និងចំណុចខ្សោយ នៃទិដ្ឋន័យបច្ចេកទេសទាំងអស់ ទៅវិភាគ និងធ្វើផែនការយុទ្ធសាស្ដ្រថ្មី ដើម្បីធានានូវនិរន្ដរភាព និងការរៀបចំការប្រកួតកាន់តែមានគុណភាពខ្ពស់ និងទាក់ទាញថែមទៀត ។

គួរដឹងថា ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកចូលរួមជាង ៥ពាន់នាក់ មកពី ៣ក្រសួង និង ២៥រាជធានី-ខេត្ត ។ សម្រាប់ការប្រកួតកីឡាជាតិ លើកទី៤ គឺមានកីឡាចំនួន ៣៦ប្រភេទ និងកីឡាជាតិជនពិការ លើកទី២ មានកីឡាចំនួន ៧ប្រភេទ បានរៀបចំការប្រកួតនៅ ៥រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្ដកែប ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ។

ជាលទ្ធផលបច្ចេកទេសរួម សម្រាប់កីឡាជាតិ លើកទី៤ គ្រប់អត្តពលិកក្រសួង និងរាជធានី-ខេត្ដ ចូលរួមប្រកួត សុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះក្រសួងមហាផ្ទៃ បានការពារតំណែងដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤៨គ្រឿង (មាស ១២៧, ប្រាក់ ៧២ និងសំរឹទ្ធ ៤៩) ខណៈក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១៨៨គ្រឿង (មាស ៩១, ប្រាក់ ៥៦ និងសំរឹទ្ធ ៤១), ក្រសួងសេដ្ឋកិច្ច ឈរលេខ៣ ឈ្នះមេដាយសរុប ៤៩គ្រឿង (មាស ១៩ ប្រាក់ ១៤ និងសំរឹទ្ធ ១៦) ។

ចំណែកការប្រកួតកីឡាជាតិជនពិការ លើកទី២ ក្នុងចំណោម ២៨ក្រសួង និងរាជធានី-ខេត្តចូលរួម គឺមាន ១៧រាជធានី-ខេត្ត ដណ្ដើមបានមេដាយ ខណៈ ១១ក្រសួង និងរាជធានី-ខេត្ត ពុំទទួលបានមេដាយ ។ សម្រាប់ក្រុមឈ្នះមេដាយច្រើនជាងគេ គឺខេត្តកណ្ដាល ដណ្ដើមបានមេដាយសរុប ៤០គ្រឿង (មាស ១៤ ប្រាក់ ៩ និងសំរឹទ្ធ ១៧), ខេត្តតាកែវ ឈរលេខ២ ឈ្នះមេដាយសរុប ១៥គ្រឿង (មាស ១០ ប្រាក់ ១ និងសំរឹទ្ធ ៤) និងខេត្តកែប ឈរលេខ៣ ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៨ ប្រាក់ ៤ និងសំរឹទ្ធ ២) ៕