(ភ្នំពេញ)៖ លោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានជំរុញ និងលើកទឹកចិត្តកីឡាករទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីដុសខាត់សមត្ថភាពជំនាញរបស់ខ្លួនឱ្យបានខ្លាំង រហូតក្លាយជាមនុស្សគេអត់មិនបាន តែហាមធ្វើជាមនុស្សពូកែរហូតភ្លេចខ្លួន។

ការក្រើនរំឮកនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ កាលពីថ្ងៃសុក្រម្សិលមិញ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ និងអត្តពលិកមកពី ៧ក្រសួង និងរាជធានី-ខេត្តចូលរួម។

តាមរយៈការប្រកួតក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ និងកីឡាករទាំងអស់។ ទោះបីលទ្ធផលឈ្នះ ឬចាញ់ លោកបានជំរុញឱ្យអត្តពលិកទាំងអស់ បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅថៃ នាឆ្នាំ២០២៥ ខាងមុខ។

ឆ្លៀតឱកាសនោះលោក ជុំ កុសល បានបន្ថែមទៀត អាជីពកីឡា ងាយនឹងលេចត្រដែតនូវកេរ្ដិ៍ឈ្មោះលើបណ្ដាញសង្គម បើសិនមានការខិតខំប្រឹងប្រែង និងច្បាស់លាស់ក្នុងការពង្រឹងជំនាញរបស់ខ្លួន។ ជាក់ស្ដែងកីឡាប៊ីយ៉ា និងស្នូកឃ័រ ដែលមានកីឡាករ-កីឡាការិនី ដូចជា ស្រួង ភាវី, ម៉ែន សុផានិត, នាង តុលា និងកីឡាករផ្សេងៗ កំពុងត្រូវបានគេស្គាល់ តាមរយៈអាជីពកីឡាកររបស់ខ្លួន។ ដូច្នេះលោកសង្ឃឹមថា កីឡាករទាំងអស់ នឹងយកចិត្តទុកដាក់លើអាជីពមួយនេះ ដើម្បីក្លាយជាមនុស្សគេខ្វះមិនបាន។

រដ្ឋលេខាធិការក្រសួងព័ត៌មានដដែលបន្ដថា «យើងត្រូវខិតខំធ្វើយ៉ាងណាឱ្យគេអត់យើងមិនបាន។ ខ្ញុំឧទាហរណ៍ ម៉ែន សុផានិត ជំនាញគាត់ពូកែ (ប៊ីយ៉ា-ស្នូកឃ័រ)។ អ៊ីចឹងដល់ពេលប្រកួតកម្រិតអន្ដរជាតិ គឺត្រូវតែមានមុខគាត់ អត់គាត់មិនបាន។ តែក៏សូមកុំភ្លេចដែរ ទន្ទឹមជាមួយសមត្ថភាពយើងខ្ពស់ គេអត់យើងមិនបាន ខ្លួនយើងផ្ទាល់ ក៏ត្រូវចេះរក្សាតម្លៃ និងកិត្តិយសរបស់យើងដែរ កុំឲ្យនៅពេលយើងថ្កុំថ្កើន យើងពូកែផុតគេ ផុតអ្វីៗទាំងអស់មានន័យថា ពាក់ព័ន្ធនឹងឥរិយាបថ សីលធម៌ រស់នៅ ក៏ត្រូវប្រកាន់ភ្ជាប់ជានិច្ចដែរ»

គួរដឹងថា សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតប៊ីយ៉ា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ចំពោះវិញ្ញាសាស្នូកឃ័រក្រហម ១៥ ឯកត្ដជន លេខ១ កីឡាករ ម៉ែន សុផានិត, វិញ្ញាសាភូលគ្រាប់ទី៩ ឯកត្ដជន លេខ១ កីឡាករ ពុធ ច័ន្ទដារ៉ា, វិញ្ញាសាការ៉ុម ៣បាំង ឯកត្ដជន លេខ១ កីឡាករ ពុធ ច័ន្ទដារ៉ា, វិញ្ញាសា ហីបល ឯកត្ដជន លេខ១ កីឡាករ ឡេង ច័ន្ទគ្រឹស្នា, វិញ្ញាសាស្នូកឃ័រក្រហម ៦ ឯកត្ដជន លេខ កីឡាករ នាង តុលា និងវិញ្ញាសាស្នូកឃ័រក្រហម៦ ជាក្រុម លេខ១ បានទៅកីឡាករ ភួង សុភ័ក្ដ្រ និងកីឡាករ យ៉ែត មុនី។ នេះបើយោងតាមរបាយការណ៍រួមរបស់លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធ៕