(រីយ៉ាដ)៖ កីឡាការិនី Tennis នាង Coco Guaff បានឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន WTA Finals ទល់នឹង Zheng Qinwen របស់ចិន បន្ទាប់ពីយកឈ្នះ Aryna Sabalenka គូប្រជែងឈរនៅលំដាប់លេខ១ ពិភពលោកនាយប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Guaff បានយកឈ្នះអតីតម្ចាស់ជើងឯកពាន Australian Open និង US Open ឆ្នាំ២០២៤ គឺនាង Sabalenka ដោយលទ្ធផល ៧-៦ (៧-៤) និង ៦-៣ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីចុងក្រោយប្រចាំរដូវកាលនេះជាលើកដំបូងរបស់ខ្លួន ដ្បិតការចូលរួម WTA Finals ២លើកកន្លងមក នាងមិនដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលឡើយ។
គួរបញ្ជាក់ផងថា កីឡាការិនីអាមេរិក វ័យទើបតែ ២០ឆ្នាំរូបនេះ ទើបតែចាញ់ ២លើកគត់ ក្នុងចំណោម ១៤ប្រកួត គិតចាប់តាំងពីនាងហាលអាវត្រឹមវគ្គ ៨នាក់ចុងក្រោយ ពីការការពារតំណែងជើងឯកពាន US Open នាអំឡុងខែកញ្ញាកន្លងទៅ។
Coco Guaff នឹងត្រូវប្រជែងពាន WTA Finals ទល់នឹងម្ចាស់មេដាយមាសអូឡាំពិក Zheng ដែលបានយកឈ្នះម្ចាស់ ពាន Wimbledon គឺនាង Krejcikova ដោយលទ្ធផល ៦-៣ និង ៧-៥ នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ ក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានទឹកប្រាក់ប្រមាណ ១២លានផោន សម្រាប់ជើងឯក៕