(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិតមូលដ្ឋាន ឆ្នាំ២០២៤ ដើម្បីជំរុញការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ ដែលបានបិទបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពី ៨រាជធានី-ខេត្ត និងក្រសួង ដែលបង្រៀនដោយលោក Brian Anthony គ្រូឧទ្ទេស និងជាអ្នកជំនាញការមកពីសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ (UCI)។

យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពធនធានគ្រូបង្វឹកថ្នាក់ជាតិរបស់សហព័ន្ធ ដែលឆ្លើយតបនឹងផែនការកសាងធនធានមនុស្ស ដើម្បីឈានទៅពង្រឹង និងបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

ថ្លែងក្នុងពិធីបិទវគ្គនេះដែរ លោក ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភា និងជាប្រធានសហព័ន្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដែលជំរុញឲ្យវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ពិសេសបានធ្វើឲ្យគ្រូបង្វឹកទាំងអស់ ទទួលបាននូវការយល់ដឹងកាន់តែច្បាប់អំពីបច្ចេកទេស ក្នុងការរៀបចំបង្វឹកកីឡាករ ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានលក្ខណៈជាតិ និងអន្តរជាតិនានា។

ឆ្លើយតបជាមួយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើវិស័យកីឡាគ្រប់ប្រភេទ តាមរយៈវគ្គនេះដែរ លោកមានសុទិដ្ឋិនិយមថា «សហព័ន្ធសង្ឃឹមថា បន្ទាប់ពីទទួលបាននូវវគ្គសិក្សាដ៏មានសារៈសំខាន់នេះ សិក្ខាកាមទាំងអស់ និងយកចំណេះដឹងនេះទៅចែករំលែកបន្តដល់ក្រសួង សមាគម-ក្លិប និងក្រុមកីឡាករ-កីឡាការិនីរបស់រាជធានី-ខេត្តរបស់ខ្លួន ស្របតាមផែនការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការប្រកួតកីឡាកម្រិតជាតិ និងអន្តរជាតិនានានាពេលខាងមុខ»។

គួរដឹងថា ជាលទ្ធផលក្រោយបញ្ចប់ការសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់លើទីលាន ក្នុងចំណោមសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាទោចក្រយានកម្រិតមូលដ្ឋាន ឆ្នាំ២០២៤ គឺមានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៣០%, និទ្ទេសល្អបង្គួរ ៥០% និងនិទ្ទេសមធ្យម ២០%៕