(ភ្នំពេញ)៖ ប្រទេសកម្ពុជា គឺជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចនេះប្រជាជនមានសិទ្ធិពេញលេញខាងជំនឿ ហើយសេរីភាពខាងជំនឿ និងការប្រតិបត្តិខាងសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនោះទេ ។ ប្រជាជនភាគច្រើននៅកម្ពុជា គោរព និងប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងស្ថិតនៅក្នុងបាវចនាជាតិ ដូចមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ។ ប្រជាជនកម្ពុជា គោរព និងឱ្យតម្លៃព្រះសង្ឃ ដូនជី និងតាជី ដែលជាបុគ្គលអប់រំ ប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ ។
ហេតុដូចនេះប្រសិនបើបុគ្គលទាំងឡាយណាដែលបានប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី តើបុគ្គលនោះត្រូវទទួលខុសត្រូវយ៉ាងដូចម្តេចចំពោះទង្វើរបស់ខ្លួន? ហើយទង្វើបែបណាខ្លះដែលជាការប្រមាថ?
ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «បទប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។
ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល ដែលមានបញ្ញត្តិនៅក្នុងមាត្រា ៥០២ កថាខណ្ឌទី១ នៃក្រមព្រហ្មទណ្ឌ ។ ការប្រមាថចំពោះព្រះសង្ឃ ដូនជី ឬ តាជី នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ ក្នុងឱកាសនៃការបំពេញមុខងារ គឺជាបទល្មើស (បទលហុ) ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល ស្របតាមបញ្ញត្តិមាត្រា ៥១៦ នៃក្រមព្រហ្មទណ្ឌ ។
ឧទាហរណ៍៖ ប្រជាជនបាននាំគ្នារៀបចំកម្មវិធីបុណ្យភូមិតាមប្រពៃណី នៅក្នុងវត្តមួយកន្លែង ដោយមានការលេងល្បែងប្រជាប្រិយ និងការរាំកម្សាន្តបែបប្រពៃណីខ្មែរ ។ ទន្ទឹមនឹងនេះ លោក (ក) និងបក្ខពួក ក៏បានចូលរួមកម្មវិធីខាងលើ ហើយលោក (ក) និងបក្ខពួក បានទិញសាច់ក្លែម និងស្រាបៀរមកពិសាជុំគ្នាដែរ ស្រាប់តែពេលនោះក៏មានព្រះចៅអធិការមួយអង្គ បានឱ្យតាជីប្រាប់ទៅលោក (ក) និងបក្ខពួក មិនឱ្យពិសាគ្រឿងស្រវឹងក្នុង ទីវត្តអារាមនោះទេ ។ ក្រោយពីតាជីប្រាប់លោក (ក) និងបក្ខពួករួចមក ពួកគេក៏បានខឹងសម្បារ ដោយបានប្រើពាក្យសំដីមិនសមរម្យ ទៅកាន់តាជី និងព្រះសង្ឃ ថា «ពួកហែងជាស្អីហ៊ានមកឃាត់អញផង! ពួកអាកញ្ចាស់ក្បាលអស់ឯងនេះ និងពាក្យអសុរោះមួយចំនួនទៀត» ។ ទង្វើនេះជាការប្រមាថចំពោះព្រះសង្ឃ និងតាជី ដូចនេះមន្ត្រីមានសមត្ថកិច្ចដែលប្រចាំការនៅវត្តនោះបានឃាត់ខ្លួនលោក (ក) និងបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។
សរុបមក ទោះបីជាការ ប្រមាថនោះតាមរយៈ វាចា កាយវិការ សំ ណេរ គំនូរ ឬ វត្ថុដែល ប៉ះពាល់ ដល់ សេចក្តី ថ្លៃថ្នូរ នៃ ព្រះសង្ឃ ដូនជី ឬតាជី សុទ្ធតែជាបទល្មើស និងត្រូវទទួលទោស ដូចមានកំណត់នៅក្នុងបញ្ញត្តិខាងលើ ។ ជាពិសេស សង្គមកម្ពុជាពិតជាគោរព និងឱ្យតម្លៃដល់ព្រះសង្ឃព្រមទាំងអ្នកប្រតិបត្តិចំពោះព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ដូចនេះបុគ្គលគ្រប់រូបមិនត្រូវប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជីឡើយ ដែលទង្វើនេះមិនខុសត្រឹមតែសីលធម៌ ទំនៀមទម្លាប់ និងប្រពៃណី ប៉ុណ្ណោះទេ ថែមទាំងខុសនឹងច្បាប់ផងដែរ ។
រៀបរៀងដោយ៖ មេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡាន ស៊ីនុត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕