(ភ្នំពេញ)៖ តារាក្បាច់គុនល្បុក្កតោឆ្នើមកម្ពុជា សំ ថារ័ត្ន បានបង្ហាញការគាំទ្រ ចំពោះការរៀបចំនូវកម្មវិធីដើរម៉ូដ ReMade Tribute to Khmer Martial Art ដែលប្រៀបបានការរួមបញ្ចូលនូវសហសម័យ រវាងបុរាណ និងសម័យ ដែលនឹងជំរុញដល់ការផ្សព្វផ្សាយនូវសិល្បៈក្បាច់គុនបុរាណខ្មែរបន្ថែមទៀត ពិសេសធ្វើឲ្យបរទេសស្គាល់កាន់តែទូលំទូលាយពីមរតកក្បាច់គុនបុរាណខ្មែរ។

កម្មវិធីនេះបានធ្វើឡើងនៅផ្សារទំនើប ដឺភីក ហើយត្រូវបានចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ពិសេសភ្ញៀវបរទេស ជាមួយកម្មវិធី Sustainable Fashion Week កាលពីចុងសប្ដាហ៍កន្លងទៅ តាមរយៈការសម្ដែងនូវក្បាច់គុនតេក្វាន់ដូ វ៉ូសូ ពិសេសកម្មវិធីដើរម៉ូដដ៏ប្លែកភ្នែក ដែលរៀបចំដោយ Remade in Cambodia សហការជាមួយក្លិប Cambodia Top Team ដោយមានការចូលរួមបង្ហាញពីអ្នកលេងគុនល្បុក្កតោ គុនខ្មែរ និងយ័នខ្មែរ ក្នុងសម្លៀកបំពាក់កែច្នៃឡើងវិញបែបទំនើប។

កញ្ញា សំ ថារ័ត្ន បានសម្ដែងការភ្ញាក់ផ្អើល ចំពោះកម្មវិធីសហសម័យបែបនេះ ក្នុងការរួមបញ្ចូល រវាងការដើរម៉ូដ ជាមួយសិល្បៈក្បាច់គុនខ្មែរ ភ្ជាប់ជាមួយការលើកកម្ពស់សម្លៀកបំពាក់បែបនិរន្ដរភាពកែច្នៃឡើងវិញ ក៏ដូចជាលើកកម្ពស់បរិស្ថានជាដើម។ កញ្ញាគាំទ្រការរៀបចំនូវកម្មវិធីបែបនេះ ដើម្បីទាញចំណាប់អារម្មណ៍មហាជន ពិសេសមិត្ដៗបរទេស ដែលនិយមវិស័យដើរម៉ូត ឲ្យស្គាល់ពីក្បាច់គុនខ្មែរ ក៏ដូចជាលើទឹកចិត្តដល់ស្ដ្រី ក្នុងការហាត់ក្បាច់គុន ដើម្បីការពារខ្លួន ទោះបីក្នុងកាលៈទេសៈណាកដោយ។

«ការដាក់ក្បាច់គុនក្នុងការដើរម៉ូដ ខ្ញុំមានអារម្មណ៍ប្លែកមែនទែន។ ដំបូងអត់ធ្លាប់ ខ្ញុំគិតថារាងឆ្គង តែពេលយើងដាក់ក្បាច់គុន ក្នុងការបង្ហាញម៉ូដ ប្រៀបដូចជាការបន្ថែមនូវសហសម័យថ្មីមួយ (ថែមសម័យចូលក្នុងបុរាណ) ដែលផ្ដល់នូវទស្សនីយភាពប្លែកដល់មិត្ដៗបរទេស ដែលគាត់ចូលចិត្តវិស័យដើរម៉ូដ ទាញចំណាប់អារម្មណ៍ពួកគាត់ ឲ្យស្គាល់ក្បាច់គុនបុរាណខ្មែររបស់យើង ក៏ដូចជាបង្ហាញដល់មិត្ដៗនារី ឃើញថា នារីដែលតែងខ្លួនស្អាតៗ ទោះក្នុងកាលៈទេសៈបែបណា ក៏អាចការពារខ្លួនបាន»។ ថារ័ត្ន បន្ថែម។

កីឡាការិនីហាត់គុនល្បុក្កតោតាំងពីឆ្នាំ២០០៨ ដដែល មានសុទិដ្ឋិនិយមថា «ខ្ញុំជឿថា បើសិនមានការបង្ហាញនេះកាន់តែច្រើន មិនថាបងប្អូននៅស្រុកខ្មែរយើងទេ ជាក់ស្ដែងទស្សនិកជនបរទេសគាត់ចូលរួមច្រើន អាចជំរុញឲ្យពួកគាត់ស្គាល់ក្បាច់គុនខ្មែរយើងកាន់តែច្រើន ហើយដឹងថា ខ្មែរយើងមានធនធានក្បាច់គុនច្រើនលើសពី ១ ឬ ២ ឬ ៣ គឺមានច្រើន ដែលជាសិល្បៈក្បាច់គុនខ្មែរបុរាណ ។ អ៊ីចឹងយើងបានបង្ហាញកាន់តែច្បាស់ឲ្យបរទេស ហើយបរទេស ពេលគាត់ឃើញគុណភាពបែបនេះ គាត់នឹងនិយាយតៗទៅទៀត ដើម្បីផ្សព្វផ្សាយទៅដល់គ្នាគាត់ ហើយក៏ជាការធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍មកលេងស្រុកយើងកាន់តែច្រើនផងដែរ»។

គួរដឹងថា ក្រោយទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រ ចំពោះកម្មវិធីដើរម៉ូដលាយជាមួយសិល្បៈក្បាច់គុនបុរាណខ្មែរ និងការសម្ដែងនូវកីឡាជាច្រើន ដឺភីក គ្រោងនឹងរៀបចំពិព័រណ៌ថ្មីមួយទៀត ដែលមានការសហការពី Robthort ក្រោមប្រធានបទ «Ethereal: Dancing in the Garden» ដែលជាកម្មវិធីផ្តោតសំខាន់និងកោតសរសើរចំពោះសម្រស់ព្រៃព្រឹក្សាធម្មជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ភ្ជាប់ជាមួយទស្សនីយភាពជាច្រើនផទៀតផងដែរ៕