(ម៉ាឌ្រីដ)៖ ក្រុមកំពូលតារាង La Liga គឺ FC Barcelona បានរងបរាជ័យជាលើកទី២ ក្នុងលីគរដូវកាលនេះ នៅពេលចាញ់ម្ចាស់ផ្ទះ Real Sociedad ១ទល់នឹង០ នាយប់មិញនេះ ដ្បិតពុំមានវត្តមានកីឡាករសំខាន់ Lamine Yamal ដោយសាររបួស។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករ Sheraldo Becker ជាអ្នករកបានគ្រាប់ជ័យជម្នះឱ្យ Sociedad នៅវគ្គទី១ និងជាគ្រាប់ជ័យជម្នះ ៣ពិន្ទុតែម្តងរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងបានក្លាយជាក្រុមតែមួយគត់ផងដែរ ដែលបានរក្សាសំណាញ់ទីមិនឱ្យ Barcelona ស៊ុតចូលនារដូវកាលនេះ។

តាមរយៈលទ្ធផលចាញ់ជាលើកទី២ ក្នុងរដូវកាលនេះ គិតចាប់តាំងពីចាញ់ម្ចាស់ផ្ទះ Osasuna ៤-២ នាអំឡុងខែកញ្ញា បានធ្វើឱ្យពួកគេ បន្តនាំមុខកំពូលតារាងដាច់ ៦ពិន្ទុដដែល គិតត្រឹមសប្តាហ៍ទី១៣ ជើងទី១ ដ្បិតក្រុមការពារតំណែងជើងឯក Real Madrid នៅសល់ ១ប្រកួតក្នុងដៃ។

ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធ Robert Lewandowski ក៏រកបាន ១គ្រាប់នៅដើមវគ្គទី១ មកដែរ ប៉ុន្តែត្រូវបាន VAR បដិសេធ ក៏ព្រោះតែកូនក្រុមរបស់លោក Hansi Flick ស្ថិតក្នុងជំហរក្រៅល្បែង (offside) ជាមួយនឹងការរួមចំណែកពីសំណាក់មិត្តរួមក្រុម Dani Olmo និង Frenkie de Jong ផងដែរនៅតែមិនសមតាមបំណងដដែល៕