(រ៉ូម)៖ Roma បានដកសេចក្តីទុកចិត្តពីលោក Ivan Juric ក្នុងការបន្តដឹកនាំក្លិបទៀតហើយ ក្រោយពេលរងបរាជ័យ ៣-២ ក្នុងផ្ទះនាយប់មិញនេះ ក្រោមថ្វីជើងរបស់គូប្រជែង Bologna បើទោះបីជាទើបដឹកនាំបានត្រឹម ១២ប្រកួតក្តី។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា លោក Juric គឺជាគ្រូបង្វឹកទី៨ របស់ក្រុមរមាស Roma ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ និងបានកំពុងស្វែងអ្នកចាត់ការទូទៅទី៣ មកជំនួសតំណែងនារដូវកាលនេះផងដែរ។
នៅចាំបានថា បុរសសញ្ជាតិក្រូអាត វ័យ ៤៩ឆ្នាំខាងលើនេះ ត្រូវបានតែងតាំងដឹកនាំ Roma ដែលលេងនៅ Serie A របស់ប្រទេសអ៊ីតាលីនាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ជំនួសកៅអីលោក Daniele de Rossi ដែលត្រូវបានដកសេចក្តីទុកចិត្ត ដែលចូលកាន់តំណែងធំនេះបាន ៨ខែផងដែរ តពីលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែងដូចគ្នា។
អតីតគ្រូបង្វឹកដែលធ្លាប់ដឹកនាំក្លិប Torino និង Hellas Verona ផងនោះ បានចំណាយពេលដឹកនាំ Roma បាន ១២ប្រកួតជាមួយនឹងស្ថិតិឈ្នះ ៤លើក និងចាញ់ ៥លើក ដែលធ្វើឱ្យក្រុមរមាសមួយនេះ ស្ថិតនៅលេខរៀងទី១២ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្ន ក្នុងចំណោម ២០ក្រុម និងស្ថិតក្នុងចំណាត់ថ្នាក់ទី២០ ផងដែរនៅ UEFA Europa League ដោយនៅក្រៅតំបន់កាត់ចោលតែ ១ពិន្ទុប៉ុណ្ណោះពីពានអឺរ៉ុបមួយនេះ៕