(បរទេស)៖ ការរចនាស្មាតហ្វូនត្រូវបានគេដឹងថា មិនមែនសុទ្ធតែធ្វើឡើងដោយក្រុមហ៊ុនផលិតផ្ទាល់ទេ ពោលគឺមានក្រុមហ៊ុនជាច្រើនជួលអ្នកឌីហ្សាញ់មកពីខាងក្រៅ។ របាយការណ៍ថ្មីមួយដោយ Counterpoint Research បានបង្ហាញអំពីក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន ដែលពឹងផ្អែកខ្លាំងទៅលើក្រុមហ៊ុនឌីស្សាញខាងក្រៅ ប៉ុន្តែក៏មានក្រុមហ៊ុនខ្លះមិនជួលអ្នកឌីហ្សាញ់មកពីខាងក្រៅសូម្បី១%ដែរ។
តាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុន Motorola ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ដែលមានក្រុមហ៊ុនខាងឌីហ្សាញ់មកពីខាងក្រៅច្រើនជាងគេ បើគិតជាភាគរយដល់ទៅ ៩០% ឯណោះ ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ។ បន្ទាប់មក គឺ Xiaomi ជួលអ្នកឌីហ្សាញ់មកពីខាងក្រៅ ៧៨% និង Vivo មាន ៥២%។ ក្រៅពីក្រុមហ៊ុនទាំងនេះ ងាកមក Huawei គឺមានក្រុមការងារឌីស្សាញខាងក្រៅប្រហែលជា ៤៤% ដែលធ្វើការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួន ខណៈ Honor និង Oppo គឺមានចំនួន ៤០% និង ៣៩% ។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺក្រុមហ៊ុន Apple មិនការអ្នកឌីស្សាញមកពីខាងក្រៅឡើយ ពោលគឺគ្មានសូម្បី ១%។
គួរជម្រាបថា សម្រាប់ Apple ដែលនៅតែបន្តក្នុងការប្រើប្រាស់ក្រុមការងារឌីស្សាញផ្ទាល់ខ្លួន គឺដើម្បីគ្រប់គ្រងទៅលើដំណើរការទាំងស្រុងនៃស្មាតហ្វូន iPhones របស់ខ្លួន។ តែយ៉ាងណា សម្រាប់ក្រុមហ៊ុន Samsung គឺមានក្រុមការងារខាងក្រៅចំនួន ២២% ទៅលើការឌីស្សាញនេះសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤នេះ៕