(បរទេស)៖ ការលក់ថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានរាយការណ៍មកថាធ្លាក់ចុះជាថ្មីម្តងទៀត ដែលធ្វើឲ្យមានការធ្លាក់ចុះ៧ខែជាប់ៗគ្នាសម្រាប់ម៉ាកយីហោអាមេរិកមួយនេះ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមប្រឹក្សាយានយន្តអគ្គិសនី (EVC) បានបង្ហាញថា ក្រុមហ៊ុន Tesla បានលក់រថយន្ត EV របស់ខ្លួនបានត្រឹមចំនួន ១,៤៦៤គ្រឿងប៉ុណ្ណោះដល់អតិថិជនអូស្ត្រាលី ក្នុងខែតុលា ដែលតំណាងឱ្យការធ្លាក់ចុះ ២៦.៤ភាគរយក្នុងរយៈពេលដូចគ្នាបើធៀបនឹងឆ្នាំមុន។

តាមការចេញផ្សាយដោយ Car Expert បានឲ្យដឹងថា នៅក្នុងខែតុលា ឆ្នាំ២០២៣ គឺជាខែដែលការលក់ធ្លាក់ចុះខ្លាំងសម្រាប់ Tesla ដោយបានធ្លាក់ចុះការចែកចាយដោយមានចំនួន ២,០០០ គ្រឿង គឺជាលទ្ធផលនៃការធ្លាក់ចុះកាលពីខែមុន ហើយក៏ជាខែទីប្រាំពីរជាប់ៗគ្នានៃការធ្លាក់ចុះការលក់សម្រាប់ Tesla ផងដែរ។ សម្រាប់កិច្ចព្រមព្រៀងក្នុងការនាំចេញរថយន្តថ្មីរបស់ Tesla ចំនួន ១០០ គ្រឿង គឺអាចធ្វើបានតាមរយះបណ្តាញលក់ CarExpert នៅពេលនេះ។ រថយន្ត Model Y របស់ Tesla នៅតែជាប់ជារថយន្តអគ្គិសនី ដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន ដោយម៉ូដែលនេះលក់បានចំនួន ១,០៤២ គ្រឿង នៅក្នុងខែតុលា មានការកើនឡើង ២៨.៦% ធៀបនឹងឆ្នាំមុន។

ទោះជាយ៉ាងណាក៏ដោយ Model 3 ត្រូវបានគេរាយការណ៍ថា ជាកត្តាជំរុញដ៏ធំនៃការធ្លាក់ចុះនៃការលក់ ដោយម៉ូដែលនេះលក់បានចំនួនប្រមាណតែ ៤២២ គ្រឿងប៉ុណ្ណោះកាលពីខែតុលា គឺធ្លាក់ចុះប្រមាណ ៦៤.២% ធៀបនឹងកាលពីខែតុលា ឆ្នាំ២០២៣ លក់បានចំនួន ១,១៧៨គ្រឿង។ គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៣ ការលក់ Tesla Model 3 មានការធ្លាក់ចុះប្រមាណ ៧.៩% មកនៅត្រឹម ១៤,៤៧៥ គ្រឿង ខណៈ Model Y  មានការធ្លាក់ចុះ ២៦.៩% មកត្រឹម ១៧,៧៣៩។

ងាកមក BYD ត្រូវបានគេនិយាយថា ជាម៉ាករថយន្តអគ្គិសនីដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសអូស្ត្រាលី ដោយចាប់ពីខែមករាដល់ខែកញ្ញា រថយន្តម៉ូដែល BYD Seal បានឈរនៅលំដាប់ទីបីនៃការលក់ ដែលលក់បានចំនួន ៥,៣០៨គ្រឿង៕