(លីសស្បោន)៖ Sporting Lisbon វាយបកយកបានជ័យជម្នះ ៤-២ នាយប់មិញនេះ មុនពេលគ្រូបង្វឹក Ruben Amorim លើកដៃបាយបាយវិលមកអង់គ្លេស ដើម្បីដឹកនាំក្លិបបិសាចក្រហម Manchester United។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Sporting បានធ្វើការវាយបកតាមពីក្រោយ បន្ទាប់ពីម្ចាស់ផ្ទះ Braga នាំមុខ ២គ្រាប់មុនតាំងពីវគ្គទី១ និងជា ១ប្រកួតចុងក្រោយមុនពេលលាគ្នា ក្នុងនាមជាអ្នកចាត់ការទូទៅក្នុងលីគកំពូល Primeira Liga នៃប្រទេសព័រទុយហ្គាល់។

ឆ្លងតាមជ័យជម្នះនេះដែរ Sporting បានលេងឈ្នះទាំង ១១ប្រកួតតែម្តងនារដូវកាលនេះ ស្ថិតក្រោមការបង្វឹកដោយលោក Amorim វ័យទើបតែ ៣៩ឆ្នាំ ជាមួយនឹងការស៊ុតបំប៉ោងសំណាញ់ទីគូប្រកួតបានចំនួន ៣៩គ្រាប់ និងរបូតវិញតែ ៥គ្រាប់ប៉ុណ្ណោះ។ លោក Amorim បានសម្រេចលាឈប់ ដើម្បីមកដឹកនាំ Man Utd របស់អង់គ្លេស ក្រោមកិច្ចសន្យាដល់ខែមិថុនា ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។

១ប្រកួតបើកឆាករបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅពេល Man Utd ពើបប្រទះទល់នឹងក្រុមទើបឡើងថ្មីមកលេងនៅ Premier League រដូវកាលនេះគឺ Ipswich Town នាថ្ងៃទី២៤ ខែវិច្ឆិកា នៅក្រោយពេលការលេងជម្រើសជាតិ ត្រូវបានបញ្ចប់ប្រចាំខែនេះ៕