(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបក្នុងស្រុករបស់ចិន ត្រូវបានរាយការណ៍មកថា កំពុងមានទីផ្សារនិងមានតម្រូវការកើនឡើងក្នុងរយៈពេល៣ឆ្នាំមកនេះ បន្ទាប់ពីអាមេរិកបញ្ជាឱ្យក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បញ្ឈប់ការនាំចេញបន្ទះឈីបបច្ចេកវិទ្យាទំនើបទៅឱ្យអតិថិជនចិន។ ការរឹតបន្តឹងនេះ ត្រូវបានគេជឿជាក់ថា ធ្វើឲ្យក្រុមហ៊ុនក្នុងស្រុករបស់ចិន ពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីឲ្យមានសមត្ថភាពអាចផលិតបន្ទះឈីបកម្រិតខ្ពស់ដោយខ្លួនឯង ដែលធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមានទីផ្សារកាន់តែខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuter នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញបន្ទះឈីបទំនើបមួយចំនួនដែលផលិតឡើងក្នុងចំណោមបន្ទះឈីប ៧ណាណូម៉ែត្រ ដែលផលិតឡើងសម្រាប់ប្រទេសចិន ដើម្បីដំណើរការកម្មវិធី AI accelerator និងអង្គដំណើរការក្រាហ្វិក (GPU)។ ខណៈការហាមឃាត់នេះគឺ ចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១១ ខែវិច្ឆិកា តទៅ។
ជុំវិញការរឹតបន្តឹងនេះ អ្នកវិភាគយល់ឃើញថា វានឹងនាំឲ្យក្រុមហ៊ុនចិនជួបការពិបាករយៈពេលខ្លីពាក់ព័ន្ធនឹងការរចនាបន្ទះឈីបសម្រាប់ឧបករណ៍បង្កើនល្បឿនបញ្ញាសិប្បនិម្មិត និងអង្គដំណើរការក្រាហ្វិក ប៉ុន្តែវាអាចផ្តល់អត្ថប្រយោជន៍ដល់វិស័យផលិតបន្ទះឈីបក្នុងស្រុក របស់ចិន ដោយសារក្រុមហ៊ុនមានជម្រើសតិចតួច។ សន្ទស្សន៍ពី CSI Semiconductor Index បានបង្ហាញពីការកើនឡើងច្រើនជាង ៦% កំឡុងពេលជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលសន្ទស្សន៍ CSI Integrated Circuits Index បានកើនឡើង ៥%។ ភាគហ៊ុនរបស់ក្រុមហ៊ុន SMIC ដែលជាក្រុមហ៊ុនបន្ទះឈីបដ៏ធំបំផុតរបស់ប្រទេសចិន ក៏បានកើនឡើងច្រើនជាង ៤% ផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនរចនាបន្ទះឈីបរបស់ចិនជាច្រើន ត្រូវបានគេមើលឃើញថា បានបង្កើនកិច្ចខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីរចនាប្រព័ន្ធដំណើរការកម្រិតខ្ពស់ផ្ទាល់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មក្រុមហ៊ុន Huawei Technologies និងបានរារាំងក្រុមហ៊ុន Nvidia មិនឲ្យសហការជាមួយ។
គួរជម្រាបថា ក្រុមហ៊ុន Huawei ដែលជាចំណុចផ្តោតនៃការចាត់វិធានការរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងបញ្ជីពាណិជ្ជកម្មរឹតបន្តឹង ដែលតម្រូវឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទទួលបានអាជ្ញាប័ណ្ណនាំចេញទំនិញ ឬបច្ចេកវិទ្យាណាមួយទៅកាន់ក្រុមហ៊ុននេះ។ ការទទួលបានអាជ្ញាប័ណ្ណណាមួយដែលអាចជួយដល់កិច្ចខិតខំប្រឹងប្រែងខាងផ្នែក AI របស់ក្រុមហ៊ុន Huawei ទំនងជាត្រូវបដិសេធ៕