(សៀមរាប)៖ អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញបាននឹងកំពុងពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២៤មក រហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលជិតរួចរាល់ហើយ។
លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា បន្ទាប់ពីអ្នកជំនាញបានជួសជុលពង្រឹងជញ្ជាំង ផ្នែកខាងត្បួង និងខាងលិច សម្រេចបាន៩៥ភាគរយហើយ បានធ្វើឱ្យរចនាសម្ពន្ធនៃតួប៉ម A ដែលធ្លាប់តែព្រួយបារម្ភពីហានិភ័យនៃកាដួលរលំ បានប្រែមកជារឹងមាំឡើងវិញ។ ក្នុងនោះចំពោះផ្នែកខឿនខាងក្រោម ក៏បានបន្ថែមឥដ្ឋខ្លះៗ ដើម្បីពង្រឹងឡើងវិញទៅតាមផ្នែកនីមួយៗ។ ចំណែកការងារដែលនៅសេសសល់ គឺរៀបចំផ្គុំផ្នែកដំបូលឡើងវិញ និងសម្អាតរុក្ខជាតិ ដែលដុះចាក់ឬស្សីជ្រៅៗនៅតាមដំបូល ខណៈក្រុមការងារកំពុងពន្លឿនកិច្ចទាំងនេះ ដោយរំពឹងថានឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខនេះ។
អ្នកជំនាញរូបនេះបានបញ្ជាក់ថា ក្រុមប្រាសាទគោកពោធិ៍ មានតួប៉មចំនួន៤ ត្រូវបានកំណត់ជាតួប៉មA ប៉មB ប៉មC និងប៉មD តែមិនស្ថិតនៅក្នុងខ្សែបន្ទាត់តែមួយឡើយ ព្រោះសាងសង់ក្នុងសម័យកាលខុសគ្នា និងក្នុងរាជ្យនៃព្រះមហាក្សត្រផ្សេងៗគ្នា។ ដោយសារកត្តាអាយុកាល ធម្មជាតិ និងកង្វះការថែទាំយូរអង្វែង ជាពិសេសដើមឈើដុះចាក់ឫស្សយ៉ាងជ្រៅ ធ្វើឱ្យរចនាសម្ពន្ធប្រាសាទរងការបំផ្លាញ ហើយតួប្រាង្គចំនួន២ តួប្រាង្គC និងD បានរលំដួលទាំងស្រុង នៅតែប្រាង្គ A សេសសល់ជញ្ជាំងជុំវិញ និងB នៅសល់តែខឿន និងជញ្ជាំងផ្នែកខាងត្បូង។
លោក ហួរ សុធន បន្ថែមថា ការជួសជុលពង្រឹងឡើងវិញ នូវរចនាសម្ពន្ធនៃប្រាសាទគោកពោធិ៍ មិនត្រឹមតែរក្សាឱ្យបាននូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសក្ការបូជា សម្រាប់ពលរដ្ឋរស់នៅជុំវិញនោះ និងជាទីកន្លែង ដែលទេសចរជាតិនិងអន្តរជាតិ តែចូលមកទស្សនាមិនចេះដាច់ ដោយសារជាទីកន្លែងឆ្លងកាត់ទៅកាន់ប្រាសាទដទៃទៀត។
សូមជម្រាបថា ប្រាសាទគោកពោធិ៍ ជាក្រុមប្រាសាទមួយ មានទីតាំងស្ថិតនៅខាងជើងបារាយណ៍ទឹកថ្លាប្រមាណជា២គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ ក្រុមប្រាសាទនេះកសាងឡើងនៅចុងសតវត្សទី៨ និងទី៩៕