(កែប)៖ ការប្រគុំតន្រ្តីដែលមានឈ្មោះថា «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប Kep Music City» ក្រោមគម្រោងសិល្បៈកែប Art For Kep ត្រូវបានសម្ពោធជាផ្លូវការ ដើម្បីបម្រើអារម្មណ៍អ្នកដែលចូលចិត្តតន្រ្តីផ្ទាល់ទាំងសម័យ និងបុរាណ។
គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវការប្រគុំតន្ត្រីដ៏រស់រវើកជាមួយនឹងកម្មវិធីសិល្បៈ តន្រ្តី ឌីជេ រៀងរាល់ចុងសប្តាហ៍ នៅរាត្រីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដែលមានប្រារព្ធនៅទីតាំងដៃគូចូលរួមរបស់គម្រោងមានដូចជា Kep West Kep Natural Tara Lodge, Saravoan Lodge Raingsey Bungalows។
លោកជេហ្វមូន ដែលជាអ្នកបង្កើតគម្រោងសិល្បៈសម្រាប់ខេត្តកែប បានចែករំលែកទស្សនៈរបស់គាត់ក្នុងការធ្វើឱ្យខេត្តកែបក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈ និងតន្ត្រីក្នុងប្រទេសកម្ពុជា ជាទីចំនុចរួមសម្រាប់សិល្បករដែលមានក្តីប្រាថ្នានិងបញ្ចេញសមត្ថភាព ហើយទស្សនិកជនក៏អាចទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
លោកបានបញ្ជាក់ថា៖ «យើងប្តេជ្ញាបង្កើតបរិយាកាសដ៏រស់រវើកជាមួយក្រុមតន្ត្រី ហើយភ្ញៀវដែលចូលរួមក៏អាចទទួលទានម្ហូបអាហារ និងភេសជ្ជៈ គយគន់សម្រស់ធម្មជាតិបេតិកភណ្ឌវប្បធម៌នៃខេត្តកែប»។
រីករាយជាមួយកម្មវិធីចុងសប្តាហ៍របស់អ្នក ជាមួយនឹងឌីជេក្នុងស្រុកដែលមានទេពកោសល្យនៅរៀងរាល់ថ្ងៃសុក្រ អមដោយការសម្តែងផ្ទាល់ពីសិល្បករក្នុងស្រុក និងអន្តរជាតិនៅថ្ងៃសៅរ៍ តន្ត្រីរសៀលថ្ងៃអាទិត្យជាមួយនិងអាហារថ្ងៃត្រង់។ នេះគឺជាសកម្មភាពចុងសប្តាហ៍ក្រៅក្រុងដ៏ល្អឥតខ្ចោះនៅឆ្នេរសមុទ្រកែបជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
លោក Marc Cholleton នាយកសិល្បៈនៃ «សូរសំឡេងនៃតន្ត្រីនៅទីក្រុងកែប» បានមានប្រសាសន៍ថា «ពេញមួយរដូវកាលកើនឡើងនេះ យើងនឹងមានការប្រគុំតន្ត្រីបុរាណខ្មែរជាមួយនឹងរចនាបថអន្តរជាតិ ធានាថាអ្នកទស្សនាដែលមកខេត្តកែបទាំងអស់និងទទួលបាននូវបទពិសោធន៍អ្វីដែលពួកគាត់និយមចូលចិត្ត។ ឆ្នាំនេះនិងជាឆ្នាំនៃការសម្ភោធសំឡេងនៃតន្ត្រីនៅទីក្រុងកែប Kep Music City ហើយយើងសង្ឃឹមថាជោគជ័យរបស់យើងនឹងត្រួសត្រាយផ្លូវជាច្រើនឆ្នាំខាងមុខ»។
ការសម្ពោធជាផ្លូវការបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានឯកអគ្គរដ្ឋទូតគម្រោងគឺកញ្ញា នៅ ដាណា និងក្រុមតន្ត្រីរបស់គាត់ផ្ទាល់ ជាមួយនិងការសម្តែងផ្ទាល់ចាប់ពីម៉ោង១៨៖០០ តទៅ នៅទីតាំងWave Kep West ។
កញ្ញា នៅ ដាណា ជាតារាចម្រៀងខ្មែរពេញនិយមមួយរូបដែលមានទេពកោសល្យគួរឱ្យកត់សម្គាល់។ សំឡេងដ៏ពិរោះរបស់គាត់ជាមួយនិងខ្សែរភ្លេង តន្ត្រីបុរាណខ្មែរលាយជាមួយនិងស្ទីលសហសម័យទាក់ទាញទស្សនិកជនគ្រប់ទីកន្លែង៕