(ឡុងដ៍)៖ ស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាលអង់គ្លេស PGMOL បានសម្រេចដកបញ្ឈរជើងលោក David Coote មន្រីអាជ្ញាកណ្តាលដ៏មានឥទ្ធិពលមួយរូបនៅក្របខណ្ឌលីគ Premier League បច្ចុប្បន្ន ក្រោយចេញវីដេអូវាយបកទៅលោក Jurgen Klopp អតីតអ្នកចាត់ការទូទៅ Liverpool បង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា PGMOL បានបង្ខំចិត្តដកបញ្ឈរជើងលោក Coote ភ្លាមៗតែម្តង និងបន្តស៊ើបអង្កេតឱ្យបានពេញលេញទៀតដែរ ក្រោយឃើញវីដេអូបង្ហោះនៅលើបណ្តាញសង្គម ក្នុងន័យឌឺដងដល់លោក Klopp ដែលបានប៉ះទង្គិចគ្នាកាលឆ្នាំ២០២០ ក្នុងប្រកួត Premier League។

បុរសវ័យ ៤២ឆ្នាំ Coote ក៏បានដឹកនាំការប្រកួត នៅពេលហង្សក្រហម Liverpool បានយកឈ្នះ Aston Villa ២-០ ក្នុងលីគកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនដែរ ដែលលោកគឺជាអាជ្ញាកណ្តាលពោរពេញបទពិសោធមួយរូបផងដែរ ប្រចាំក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League គិតចាប់តាំងពីបានចូលបម្រើការងារក្នុងឆ្នាំ២០១៨ មក។

នៅក្នុងវីដេអូធ្វើអត្ថាធិប្បាយរបស់លោក Coote ក៏មានភ្ជាប់លោក Klopp បានធ្វើការរិះគន់អាជ្ញាកណ្តាល Coote នៅក្រោយពេលបញ្ចប់ការប្រកួតរវាង Liverpool និង Burnley ក្នុងលទ្ធផលស្មើគ្នា ១-១ ជាអ្វីដែល Klopp បានរិះគន់ថា អាជ្ញាកណ្តាលបានបរាជ័យក្នុងការចាប់កំហុសដែលបានបង្កទៅលើកីឡាកររបស់ខ្លួន៕