(ឡុងដ៍)៖ Morgan Rogers ខ្សែបម្រើមកពីក្លិប Aston Villa ត្រូវបានគ្រូបង្វឹកចុចឈ្មោះចូលជម្រើសជាតិតោកំណាចអង់គ្លេស ដើម្បីលេងពាន UEFA Nations League ប្រចាំខែវិច្ឆិកានេះ បន្ទាប់ពីកីឡាករចាស់ៗមានដល់ទៅ ៨នាក់ ត្រូវបានលុបឈ្មោះចេញ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យទើបតែ ២២ឆ្នាំខាងលើនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អទាំងនៅ Premier League និង UCL រហូតទាក់ចិត្តគ្រូបង្វឹកស្តីទី លោក Lee Carsley ក្នុងការកោះហៅចូលរួមជាមួយជម្រើសជាតិតែម្តង សម្រាប់ ២ប្រកួតចុងក្រោយរបស់លោក។

កីឡាករទាំង ២រូបរបស់តោខៀវ Chelsea គឺ Levi Colwill និង Coe Palmer មានរបួស រួមទាំង Declan Rice, Bukayo Saka, Phil Foden, Jack Grealish, Trent Alexander-Arnold និង Aaron Ramsdale សុទ្ធសឹងតែត្រូវបានដកឈ្មោះចេញជាបណ្តោះអាសន្នដូចគ្នា។

គួរបញ្ជាក់ផងថា អង់គ្លេសត្រូវប៉ះក្រិច នាថ្ងៃទី១៤ ខែវិច្ឆិកា មុនពេល ៣ថ្ងៃបន្ទាប់ ត្រូវប៉ះសាធារណរដ្ឋអៀរឡង់ សម្រាប់ជើងទី២ នៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 ជំនាន់ទី៤។

សម្រាប់ដើមរដូវកាលថ្មីនេះដែរ Rogers ក៏រកបាន ៣គ្រាប់ ក្រៅពីការបញ្ជូនបាន ២គ្រាប់ផងដែរ ក្នុងចំណោម ១១ប្រកួតរបស់លោក Unai Emery គ្រប់កម្មវិធី៕