(មេនឆេស្ទើ)៖ គ្រូបង្វឹកស្តីទី Ruud van Nistelrooy បាន Bye Bye ពីទឹកដី Old Trafford ជាផ្លូវការហើយ ក្នុងនាមកាន់តួនាទីគ្រូបង្វឹកបង្គោលក្លិប Manchester United បាន ៤ប្រកួត លេងមិនចាញ់ឡើយ ក្នុងចំណោម ៣កម្មវិធីធំៗផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ៤ប្រកួតដែលថ្នាក់ដឹកនាំបិសាចក្រហមផ្តល់សេចក្តីទុកចិត្តចំពោះបុរសសញ្ជាតិហូឡង់ ដឹកនាំបណ្តោះអាសន្នតពីលោក Erik ten Hag ដែលត្រូវបានដកតំណែងតាំងពីដើមខែតុលា ឆ្នាំ២០២៤ មកនោះ ធ្វើបានល្អមែនទែន ដូចទៅនឹងអតីតលោក Michael Carrick ដែលធ្លាប់ដឹកនាំបណ្តោះអាសន្នផងដែរ តាមរយៈឈ្នះក្នុងលីគ ២លើក ឈ្នះនៅ League Cup ១លើក និង Europa League ១លើកទៀតផង មុនពេលឈានដល់ផ្លូវបំបែក។
ការមកដល់របស់អ្នកចាត់ការទូទៅថ្មី Ruben Amorim ពុំមានកៅអីទំនេរឡើយ សម្រាប់បុរសវ័យ ៤៨ឆ្នាំ Van Nistelrooy ដ្បិតក្រុមការងារបង្វឹករបស់គ្រូថ្មីព័រទុយហ្គាល់ ពេញអស់ហើយ។
ក្នុងសេចក្តីថ្លែងការណ៍សង្ខេបរបស់ Man Utd បានបញ្ជាក់ថា «Ruud នៅតែអាច និងជានិម្មិតរូបរបស់ក្លិបជានិច្ច។ ពួកយើងនៅតែរីករាយក្នុងការផ្តល់តំណែងនេះដល់លោកដដែលនៅថ្ងៃណាមួយ និងចំពោះសមិទ្ធផលដែលគាត់សម្រេចបាននៅពេលនេះ»។
នៅចាំបានថា Ruud van Nistelrooy ជាអតីតកីឡាករសំខាន់ ១រូបរបស់ Man Utd នាអំឡុងឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ដោយលោកស៊ុតបាន ១៥០គ្រាប់ ពីការលេងសរុបចំនួន ២១៩ប្រកួតផងដែរ៕