(បរទេស)៖ ក្រុមហ៊ុន Huawei ត្រូវបានរាយការណ៍មកថា នៅតែរក្សារការសម្ងាត់ចំពោះពេលវេលាចេញលក់ស្មាតហ្វូនស៊េរី Mate 70 របស់ខ្លួន ប៉ុន្តែអ្នកប្រើប្រាស់រំពឹងថាស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនៅដើមខែធ្នូខាងមុខ។ បើតាមដំណឹងបែកធ្លាយថ្មីមួយ នៅពេលនេះបានបញ្ជាក់ថា ស្មាតហ្វូន Flagship ថ្មីនេះ នឹងចាប់ផ្តើមលក់នៅខែក្រោយនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Huawei Central។

យោងតាមការទម្លាយចេញ FixedFocus បាននិយាយថា ស្មាតហ្វូន Huawei Mate 70 នឹងដាក់លក់នៅដើមខែធ្នូនេះហើយ។ ដំណឹងចចាមអារាមបានអះអាងថា ក្រុមហ៊ុន Huawei អាចនឹងទម្លាយនូវព័ត៌មានខ្លះរបស់ស្មាតហ្វូន Mate 70 នៅថ្ងៃទី១៩នេះ ហើយព្រឹត្តិការណ៍ប្រកាសផ្លូវការអាចនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែនេះ។ ក្រុមហ៊ុននេះ ក៏ត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញនូវស្មាតហ្វូន Mate ថ្មីនេះនៅក្នុងការលក់ជាផ្លូវការនៅថ្ងៃទី៣ ខែធ្នូ។ បន្ទាប់មក ហាង Huawei Stores ជាច្រើន គឺនឹងចាប់ផ្តើមទទួលនូវការ pre-order ទៅលើស្មាតហ្វូន Mate 70 ផងដែរ។ 

គួរជម្រាបថា ស្មាតហ្វូន Huawei Mate 70 នឹងប្រើប្រាស់នូវបន្ទះឈីប Kirin ថ្មី អេក្រង់ dual-layer OLED សេនស័រស្កេនក្រយ៉ៅដៃ ថាមពលថ្មធំ និងពណ៌ដ៏ទាក់ទាញជាច្រើនទៀត៕