(ភ្នំពេញ)៖ មន្ទីរពេទ្យ សង់ត្រាល់ (Central Hospital) និងក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា (Larryta Express) នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការគ្នាលើការផ្តល់សេវាសុខភាព និងលើកកម្ពស់ភាពងាយស្រួល និងលទ្ធភាពនៃការស្វែងរកសេវាសុខាភិបាលសម្រាប់អ្នកជំងឺឱ្យបានកាន់តែល្អប្រសើរ។
ពិធីនេះដែរបានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា សៅ សេងហាក់ អគ្គនាយកក្រុមហ៊ុន ឡារីតា ដឹកជញ្ជូន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះដោយ លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកអ្នកដំណើរ និងលោកស្រី ស៊ឹម សុវណ្ណារ៉ា នាយិកាមន្ទីរពេទ្យសង់ក្រាល់ និងមានការចូលរួមពីអស់លោក លោកស្រី និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក មឿន សម្បត្តិ បានឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យសង់ត្រាល់នេះ ធ្វើឡើងក្នុងគោលបំណងសហការគ្នាលើការផ្តល់ជូននូវសេវាសុខភាព ដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ឡារីតា ទាំងអស់ និងបុគ្គលិកឡារីតា ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ ជាមួយនឹងការផ្តល់ជូននូវកញ្ចប់តម្លៃពិសេសរបស់មន្ទីរពេទ្យសង់ត្រាល់ទៅលើសេវាកម្ម៖ ការពិនិត្យសុខភាព, ការចាក់ថ្នាំបង្ការជំងឺផ្សេងៗ, ការព្យាបាលជំងឺ និងកម្មវិធីយល់ដឹងអំពីការថែទាំសុខភាពជាដើម។
លោក មឿន សម្បត្តិ បានបន្ថែមថា ជាមួយគ្នានេះដែរក្រុមហ៊ុនឡារីតា ក៏បានផ្តល់ជូនការបញ្ចុះតម្លៃជាពិសេស រាល់ការធ្វើដំណើររបស់បុគ្គលិកមន្ទីរពេទ្យ ក៏ដូចជាអតិថិជនទាំងអស់ដែលត្រូវធ្វើដំណើរមកពិនិត្យសុខភាព ឬសម្រាកព្យាបាលនៅមន្ទីរពេទ្យសង់ត្រាល់ផងដែរ ដោយគ្រាន់តែបង្ហាញឯកសារពាក់ព័ន្ធនានា ដើម្បីបញ្ជាក់ថាបានមកទទួលសេវាពីមន្ទីរពេទ្យប៉ុណ្ណោះ។ ជាមួយគ្នានេះសម្រាប់អតិថិជន ឡារីតា ដែលទៅទទួលសេវាកម្មនៅមន្ទីរពេទ្យសង់ត្រាល់ ក៏ទទួលបាននូវការបញ្ចុះតម្លៃពីមន្ទីរពេទ្យដែលជាដៃគូ លើសេវាពិនិត្យសុខភាព និងការព្យាបាលជំងឺដោយគ្រាន់តែបង្ហាញព័ត៍មានដែលមាននៅលើ Larryta Bus App ឬបង្ហាញសំបុត្ររថយន្តឡារីតា ទៅកាន់មន្ទីរពេទ្យសង់ត្រាល់ ។
លោក មឿន សម្បត្តិ បានសង្ឃឹមយ៉ាងមិតមាំថា ភាពជាដៃគូតាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយទៅជាអត្ថប្រយោជន៍ដ៏មានសារៈសំខាន់សម្រាប់អតិថិជន ឡារីតា ក៏ដូចជាអតិថិជនរបស់មន្ទីរពេទ្យ សង់ត្រាល់ទាំងអស់ ក្នុងការធ្វើដំណើរ និងទទួលសេវាសុខាភិបាលប្រកបដោយទំនុកចិត្តខ្ពស់។
លោកស្រី ស៉ីម សុវណ្ណារ៉ា បានឱ្យដឹងថា កិច្ចសហការនេះតំណាងឱ្យការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធរវាងសេវាកម្មដឹកជញ្ជូន និងសេវាសុខាភិបាល នៅក្នុងសហគមន៍ ហើយកិច្ចសហការនេះនឹងជួយសម្រាលកង្វល់សម្រាប់អ្នកដែលស្នាក់នៅតាមបណ្តាខេត្ត ដែលត្រូវការសេវាថែទាំសុខភាពនៅមន្ទីរពេទ្យសង់ត្រាល់ ដោយក្រុមហ៊ុន Larryta Express នឹងផ្តល់សេវាកម្មដឹកជញ្ជូនមកកាន់ទីក្រុងភ្នំពេញប្រកបដោយសុវត្ថិភាព និងផាសុកភាព រួមជាមួយនឹងអត្ថប្រយោជន៍បន្ថែមដែលផ្តល់ជូនដោយក្រុមហ៊ុន។
លោកស្រី ស៉ីម សុវណ្ណារ៉ា បានអះអាងថា តាមរយៈអនុស្សរណៈនេះ មានគោលបំណងលើកកម្ពស់ភាពងាយស្រួល និងលទ្ធភាពនៃការស្វែងរកសេវាសុខាភិបាលសម្រាប់អ្នកជំងឺឱ្យកាន់តែប្រសើរ។ អ្នកដំណើរ បុគ្គលិក និងអ្នកបើកបរ Larryta Express ក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើសេវាវេជ្ជសាស្ត្រផ្សេងៗនៅមន្ទីរពេទ្យសង់ត្រាល់។ ការផ្តល់ជូននេះនឹងមិនត្រឹមតែកាត់បន្ថយបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការថែទាំសុខភាពបង្ការផងដែរ។
សូមបញ្ជាក់ដែរថា គោលដៅចម្បងនៃកិច្ចសហការនេះគឺដើម្បីផ្តល់នូវការដឹកជញ្ជូន និងសេវាថែទាំសុខភាពពិសេសដល់អ្នកដំណើរដ៏មានតម្លៃរបស់ Larryta Transport ជាពិសេសបុគ្គលិក និងអ្នកបើកបររបស់ Larryta Express ដែលធានានូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ តាមរយៈការរួមបញ្ចូលគ្នានូវវិសាលភាពនៃអង្គភាពទាំងពីរ យើងមានបំណងបង្កើតនិងបង្កើននូវភាពស៊ីសង្វាក់គ្នា ដែលផ្តល់អត្ថ ប្រយោជន៍ដល់អ្នកគ្រប់គ្នា រួមបញ្ចូលទាំងការដឹកជញ្ជូនជាមួយនឹងការទទួលបានការថែទាំសុខភាព។
អ្នកដំណើរទាំងអស់របស់ Larryta Transport នឹងមានសិទ្ធិទទួលបានការបញ្ចុះតម្លៃផ្តាច់មុខលើសេវាថែទាំសុខភាពនៅមន្ទីរពេទ្យ Central Hospital ដែលអត្ថប្រយោជន៍នឹងមានប្រសិទ្ធភាពភ្លាមៗឬតាប់ពីការ Larryta ដែលមានសុពលភាពរបស់អ្នកមកកាន់មន្ទីរពេទ្យ Central តែប៉ុណ្ណោះ។ លើសពីនេះអ្នកបើកបរ និងបុគ្គលិករបស់ Larryta Transport ក៏នឹងទទួលបានសិទ្ធិពិសេសនៅមន្ទីរពេទ្យ Central Hospital ផងដែរ៕