(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានកោះប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ ដើម្បីប្រកាសអំពីប្រភេទកីឡា និងវិញ្ញាសា ក៏ដូចជាការត្រៀមលក្ខណៈប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ខាងមុខ ។
ថ្លែងក្រោយកិច្ចប្រជុំ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតលើការផ្សព្វផ្សាយប្រភេទវិញ្ញាសាសម្រាប់សហព័ន្ធ ដែលមានតាមកីឡានីមួយៗ ឲ្យត្រៀមខ្លួន ទាំងការហ្វឹកហាត់ យុទ្ធសាស្ដ្រ ពិសេសបង្កើនគុណផលកម្រិតខ្ពស់ ឆ្ពោះទៅប្រជែងមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥ នៅថៃ ។
ប្រតិបត្តិករកីឡាកម្ពុជាដដែលបន្ដថា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្មីៗ ម្ចាស់ផ្ទះថៃ បានសម្រេចដាក់កីឡាចំនួន ៥០ប្រភេទ និងបែងចែកជា ៥៦៩វិញ្ញាសា ។ សម្រាប់កម្ពុជា គឺបានត្រៀមប្រភេទកីឡាចន្លោះជាង ៣០ ទៅ ៤០ប្រភេទកីឡា ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ ។
តាមរយៈនេះ លោកបានក្រើនរំឮកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវធ្វើការរួមគ្នាត្រៀមយុទ្ធសាស្ត្របែបណាខ្លះ និងកម្រិតណា ដើម្បីរក្សានូវសមិទ្ធផលដូចពេលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ ។ ជាក់ស្ដែង ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយមាសដល់ទៅ ៨១គ្រឿង។ ដែលនេះជាបញ្ហាសំខាន់ត្រូវត្រៀមយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឲ្យបានល្អប្រសើរបំផុត ៕