(បរទេស)៖ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិក (NHTSA) បានចាប់ផ្តើមការស៊ើបអង្កេតលើរថយន្ត Honda និង Acura ប្រមាណ ១.៤ លានគ្រឿង ដោយសារមានរបាយការណ៍អំពីបញ្ហាម៉ាស៊ីនធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ទីភ្នាក់ងារសុវត្ថិភាពយានយន្តរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនទទួលបានរបាយការណ៍ត្អូញត្អែពីអ្នកប្រើប្រាស់ប្រមាណ ១៧៣ករណីនៅក្នុងរថយន្ត Honda និង Acura ផ្សេងៗពីម៉ូដែលឆ្នាំ២០១៦ ដល់ ២០២០ ទាក់ទងនឹងម៉ាស៊ីនរថយន្ត V6 ចំណុះ ៣.៥លីត្រ។ ក្នុងនោះម៉ូដែលរងផលប៉ះពាល់រួមមាន Honda Pilot, Acura MDX, Honda Odyssey, Acura TLX, និង Honda Ridgeline។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅក្រុមហ៊ុន Honda បានប្រមូលរថយន្តប្រមាណ ២៤៩,០០០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិករួចមកហើយ ដែលទាក់ទងទៅនឹងបញ្ហាស្រដៀងគ្នានៃការផលិតនៅក្នុងម៉ាស៊ីន crankshaft ដែលនាំឱ្យម៉ាស៊ីនរថយន្តអាចមានបញ្ហាខូចគ្រប់ពេល។
គួរជម្រាបថា Honda មិនបានបដិសេធនឹងនឹងការស៊ើបអង្កេតនោះទេ ដោយបាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួនបានដឹងអំពីការស៊ើបអង្កេតនេះ ហើយ «បានទាក់ទងជាមួយភ្នាក់ងាររួចរាល់ហើយលើប្រធានបទនេះ ហើយនឹងបន្តសហការជាមួយ NHTSA តាមរយៈដំណើរការសាកសួរ»។ Honda បានបញ្ជាក់ថា ខ្លួនតែងតែយកចិត្តទុកដាក់ និងបានបើកការស៊ើបអង្កេតលើបញ្ហានេះជាបន្តបន្ទាប់ ខណៈការខណៈការស៊ើបអង្កេតលើកដំបូងនោះក្នុងឆ្នាំ២០២០ ហើយបានចំណាយពេលច្រើនឆ្នាំនិងយកចិត្តទុកដាក់ មុនពេលដែលខ្លួនសម្រេចជាផ្លូវការ និងបានប្រកាសពីការប្រមូលមកវិញ៕