(បរទេស)៖ បើ​តាម​លោក Yoji Muto រដ្ឋ​មន្ត្រី​ឧស្សាហ​កម្ម​ជប៉ុននៅ​ថ្ងៃ​អង្គារសប្តាហ៍នេះបាននិយាយថា រដ្ឋាភិបាលជប៉ុនមិនមានគម្រោងដំឡើងពន្ធណាមួយលើវិស័យបន្ទះឈីបក្នុងស្រុកឡើង ដែលការធ្វើបែបនេះគឺដើម្បីជាការផ្តល់ហិរញ្ញប្បទានដល់ផែនការចំនួន ១០ពាន់ពាន់លានយ៉េន (៦៥ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងផលិតឧបករណ៍ពាក់កណ្តាលសម្រេច (Semiconductor) ក្នុងស្រុក និងគម្រោងបញ្ញាសិប្បនិម្មិត AI។

តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ហើបពីដំណឹងខាងលើពីសំណាក់លោក Yoji Muto បានកើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញជំនួយគាំទ្រក្នុងការជំរុញវិស័យបច្ចេកវិទ្យារបស់ប្រទេស ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលនឹងមិនចេញមូលបត្របំណុលគ្របដណ្តប់ឱនភាព ដើម្បីផ្តល់មូលនិធិដល់ផែនការនោះទេ។

គួរជម្រាបថា ប្រទេសមហាអំណាចនាពេលបច្ចុប្បន្ននេះកំពុងប្រណាំងគ្នាយ៉ាងស្វិតស្វាញ់ក្នុងវិស័យបច្ចេកវិទ្យា ជាពិសេសពាក់ព័ន្ធនឹងវិស័យបន្ទះឈីបទំនើប សម្រាប់ប្រើប្រាស់ជាមួយកម្មវិធី AI។ ការបង្កើនកិច្ចគាំទ្ររបស់ទីក្រុងតូក្យូ សម្រាប់វិស័យបន្ទះឈីបខាងលើនេះ ត្រូវបានគេមើលឃើញថា ក៏ផ្អែកលើតម្រូវការក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្រិតថ្នាក់ជាតិ និងតំបន់ផងដែរ៕