(ភ្នំពេញ)៖ សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC) បានប្រកាសអំពីកម្មវិធីសន្និសីទប្រចាំឆ្នាំ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ (CAMESCO24) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
(CAMESCO24) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលមានការជួបជុំរវាងធុរកិច្ចបង្កើតថ្មី ស្ថាប័នគាំទ្រសហគ្រិន អ្នកជំរុញប្រព័ន្ធអេកូឡូស៊ី ស្ថាប័នរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងអង្គការដែលមានបណ្តាញទំនាក់ទំនងជាសកល ដើម្បីស្វែងរកឱកាសនិងជំរុញកិច្ចសហការថ្មីៗ។
កម្មវិធីសន្និសីទនេះ ត្រូវបានរៀបចំ និងសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងស្ថិតក្រោមកម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei)។
កម្មវិធីសន្និសីទ CAMESCO24 ត្រូវបានរចនាឡើង ដើម្បីផ្សាភ្ជាប់និងជំរុញដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការជំរុញកំណើនសហគ្រិនភាព និង នវានុវត្តន៍នៅកម្ពុជា។
ដោយទទួលបាននូវភាពជោគជ័យកន្លងមក កម្មវិធីសន្និសីទCAMESCO24 មានគោលបំណងក្នុងការរំលេចអំពី សកម្មភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលបានអនុវត្ត ពេញមួយឆ្នាំ តាមរយៈការចែករំលែកអំពីគំនិតផ្តួច ផ្តើមនានាទាំងក្នុងតំបន់និងពិភពលោក និងទាក់ទាញវិនិយោគិនអន្តរជាតិដែលមានចំណាប់អារម្មណ៍ក្នុងការស្វែង រកឱកាសវិនិយោគ។
កម្មវិធីសន្និសីទប្រចាំឆ្នាំ ស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៣ (CAMESCO23) បានរៀបចំឡើងដោយជោគជ័យ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
សម្រាប់ឆ្នាំ២០២៤ ប្រធានបទរបស់កម្មវិធីគឺ «ថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន» ដែលផ្តោតទៅលើការ បង្កើនទំនាក់ទំនងដែលជំរុញ ឱ្យមានផលវិជ្ជមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
តាមរយៈការបង្កើត បរិយាកាសនៃកិច្ចសហការ កម្មវិធីសន្និសីទនេះមានគោលបំណងផ្សព្វផ្សាយដើម្បីទទួលបានគំនិតផ្តួចផ្តើម និង សកម្មភាពនានា ដែលអាចជំរុញដល់ការសម្រេចចិត្ត ប្រកបដោយព័ត៌មានច្បាស់លាល់ និងមានផែនការយុទ្ធសាស្ត្រ ទៅដល់ដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ី។
កម្មវិធីសន្និសីទCAMESCO24 ក៏បានសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ Global Steering Group for Impact Investment (GSG Impact) និង Aspen Network of Development Entrepreneurs (ANDE) នាំមកនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលអាចបញ្ជ្រាបទៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ព្រឹត្តិការណ៍នេះ មានការចូលរួមពីវាគ្មិនជាច្រើនរូប មកពី GSG Impact, GSG Impact National Partners in Asia, Sasakawa Peace Foundation, ANDE និងបណ្តាស្ថាប័នផ្សេងៗទៀត។
លើសពីនេះ កម្មវិធីសន្និសីទនឹងផ្តោតលើប្រធានបទសំខាន់ៗ ចំនួនពីរ រួមមាន៖ ការវិនិយោគដើម្បីផលវិជ្ជមាន និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើនថាមពលរួមគ្នាក្នុងការ កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានផលវិជ្ជមាន ហើយតម្រង់ទិសទៅកាន់និន្នាការអភិវឌ្ឍដែលផ្តោត ទៅលើសង្គម បរិស្ថាន និងអភិបាលកិច្ច។
ដើម្បីអាចចុះឈ្មោះចូលរួមក្នុងបទពិសោធន៍ដ៏សំខាន់មួយនេះ សូមចូលទៅកាន់គេហទំព័រចុះឈ្មោះរបស់យើងនៅទីនេះ៕