(បរទេស)៖ កំពូលមហាសេដ្ឋីចូលចិត្តធ្វើអ្វីប្លែកពីគេ Elon Musk ជាមនុស្សម្នាក់ដ៏សកម្មអំឡុងពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤នេះ ដោយបានចាយលុយ១លានដុល្លារជារៀងរាល់ថ្ងៃ ដល់អ្នកបោះឆ្នោតគាំទ្រ Donald Trump រហូតដល់ថ្ងៃបោះឆ្នោតបញ្ចប់ ដែលសរុបជាទឹកប្រាក់គឺចំណាយអស់ខ្ទង់ ១៣០លានដុល្លារ។ ចាយអស់ខ្ទង់រយលានដុល្លារក៏ពិតមែន តែពេលនេះអ្វីដែល Elon Musk ទទួលបានមកវិញ គឺប្រាក់សុទ្ធរបស់លោកស្រាប់តែកើនឡើង ៧០ពាន់លានដុល្លារមកវិញភ្លាមៗ ប៉ុន្មានថ្ងៃប៉ុណោះ ក្រោយជ័យជំនះរបស់ Donald Trump។
បើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk បានកើនឡើង ៧០ពាន់លានដុល្លារបន្ថែមទៀតនៅពេលនេះ គឺដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានកើនឡើង ៣៩% ខណៈការកើនឡើងភាគហ៊ុននេះ គឺបន្ទាប់ពីលោក Donald Trump ទទួលបានជ័យជំនះក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ប្រការនេះ ធ្វើឲ្យតម្លៃក្រុមហ៊ុន Tesla នៅលើទីផ្សារភាគហ៊ុនកើនឡើងលើស ១ទ្រីលានដុល្លារ និងបានធ្វើឲ្យទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk កើនឡើងដល់ ៣២០ពាន់លានដុល្លារ ជាកំពូលមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតលើពិភពលោក។
គួរជម្រាបថា មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ក្រៅតែពីការប្រើយុទ្ធសាស្រ្តថ្មីចាយលុយរាប់លានដុល្លារ ដើម្បីផ្តល់សន្ទុះចុងក្រោយជួយលោកដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋគន្លឹះហើយនោះ លោកក៏បានប្រើប្រាស់បណ្តាញសង្គម X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលលោកទិញយកក្នុងឆ្នាំ២០២២ ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនោះ ដើម្បីនិយាយឥតឈប់ឈរនូវការគាំទ្ររបស់លោកចំពោះ Trump ផងដែរ ពោលគឺ Elon Musk មានភាពសកម្មជាខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យ Donald Trump បានត្រឡប់មកសេតវិមានជាថ្មី៕