(ភ្នំពេញ)៖ ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ដែលឈានមុខផ្គត់ផ្គង់បេតុងលាយស្រេច ក្បឿង និងទុយោ រួមទាំងសម្ភារសំណង់ជាច្រើនទៀតរបស់ ជីប ម៉ុង គ្រុប បានរៀបចំពិធីជួបជុំដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន និងដេប៉ូចែកចាយដែលជាដៃគូសហការ កាលពីថ្ងៃទី៧ វិច្ឆិកា ២០២៤ ដើម្បីអបអរភាពជាដៃគូប្រកបដោយទំនុកចិត្ត និងការពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំសម្រាប់អនាគត ជាមួយនឹងគុណភាពផលិតផលឈានមុខ និងសេវាកម្មដ៏យកចិត្តទុកដាក់បំផុតជូនអតិថិជន។

ក្នុងពិធីដ៏អធិកអធមនេះថ្នាក់ដឹកនាំ រួមជាមួយក្រុមការងារ ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ក្រៅពីការជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទាំងអស់ដែលតែងគាំទ្រផលិតផល ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ ជាពិសេសបេតុងលាយស្រេច ក្បឿង និងទុយោ ជីប ម៉ុង កន្លងមក ក៏មានអ្នកជំនាញចូលរួមចែករំលែកចំណេះដឹងបច្ចេកទេស និងបង្ហាញពីគុណភាពផលិតផល ជាពិសេសភាពសម្បូរបែបនៃផលិតផល ដែលត្រូវបានបង្កើតឡើងយ៉ាងសម្រិតសម្រាំង ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដើម្បីបំពេញតម្រូវការសាងសង់របស់អតិថិជន។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានថ្លែងថា «ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ មានចក្ខុវិស័យចង់ក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងការផលិត និងផ្គត់ផ្គង់សម្ភារសំណង់ ដែលទទួលបានការទុកចិត្ត និងគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកសាងសង់ក្នុងស្រុក ក៏ដូចជាបន្តអភិវឌ្ឍ និងពង្រីកខ្លួនឲ្យក្លាយជារោងចក្រដ៏ធំលំដាប់ពិភពលោក មានភាពល្បីល្បាញឈានមុខគេនៅកម្ពុជា និងមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន ដែលជាការវិនិយោគដោយបរទេសទាំងក្នុងប្រទេស និងក្នុងតំបន់។ ការអភិវឌ្ឍនេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា»។

បេតុងលាយស្រេច ក្បឿង និងទុយោ ជីប ម៉ុង រួមទាំងសម្ភារសំណង់ដទៃទៀតដូចជា ដែកថែប ស៉ីម៉ងត៍ សុទ្ធតែជាផលិតផលគុណភាពស្តង់ដារអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការផលិត អាចធានាបាននូវនិរន្តភាពនៃសំណង់ជូនដល់អតិថិជន និងម្ចាស់គម្រោងប្រកបដោយទំនុកចិត្តយូរអង្វែង៕

* សម្ភារសំណង់ ជីប ម៉ុង ឈានមុខគេនៅកម្ពុជា!