(បរទេស)៖ សហស្ថាបនិក (co-founder) ក្រុមហ៊ុន OpenAI លោក Greg Brockman បានវិលត្រលប់ទៅក្រុមហ៊ុនបញ្ញាសិប្បនិមិ្មតដ៏លេចធ្លោនេះវិញហើយ បន្ទាប់ពីទុកចោលតំណែងជាក្បាលម៉ាស៊ីនអស់រយៈពេល ៣ខែ។ លោកបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ផ្ទាល់ខ្លួនថា «វិស្សមកាលវែងបំផុតនៃជីវិតរបស់ខ្ញុំត្រូវបានបញ្ចប់»។ ត្រឡប់ទៅកសាង OpenAI»។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ប្រភពពីសាព័ត៌មាន Bloomberg បានឱ្យដឹងថា លោក Brockman បាននឹងកំពុងសហការជាមួយនាយកប្រតិបត្តិ (CEO) លោក Sam Altman ដើម្បីកំណត់តួនាទីថ្មី ដែលផ្តោតលើបញ្ហាប្រឈមផ្នែកបច្ចេកទេសសំខាន់ៗនៅក្នុងស្ថាប័ន។
យ៉ាងណាមិញ ការវិលត្រឡប់ចូលកន្លែងធ្វើការរបស់សហស្ថាបនិករូបនេះ ត្រូវបានគេមើលឃើញនឹងធ្វើឱ្យ OpenAI មានជំហររឹងមាំឡើងវិញ ដែលបច្ចុប្បន្ននេះ បានប្រឈមមុខនឹងការត្រួតពិនិត្យ និងភាពចម្រូងចម្រាសជាច្រើន ជុំវិញការផ្លាស់ប្តូររបស់ខ្លួនទៅជាគំរូរកប្រាក់ចំណេញ និងការបិទក្រុមសុវត្ថិភាពមួយចំនួនក្នុងអំឡុងពេលអវត្តមានរបស់លោក។ ការវិលត្រឡប់នេះ ក៏បានកើតឡើងចំពេលមានរលកនៃការចាកចេញរបស់ក្បាលម៉ាស៊ីនសំខាន់ៗនៅ OpenAI ផងដែល រួមទាំងអតីតប្រធានផ្នែកបច្ចេកវិទ្យាលោកស្រី Mira Murati, សហស្ថាបនិកលោក Ilya Sutskever និងលោក John Schulman ខណៈបច្ចុប្បន្នកំពុងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លូន។
គូសបញ្ជាក់ថា អវត្តរបស់លោក Brockman អស់រយៈពេល ៣ខែមកនេះគឺដោយសារហេតុផលផ្ទាល់ខ្លួនរបស់លោក មិនមែនហេតុផលត្រូវបានបណ្តេញចេញដូចលោក Altman នោះទេ៕