(ភ្នំពេញ)៖ បន្ទាប់ពីការបើកសម្ពោធ ជើងហោះហើរអន្តរជាតិថ្មី ពីទីក្រុងសៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន «AirAsia Cambodia» សូមប្រកាស «ការបើកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរបន្ថែមទៀតដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើនបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀត»។
សំបុត្រយន្តហោះនឹងត្រូវដាក់លក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ហើយសម្រាប់ជើងហោះហើរពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មានតម្លៃសំបុត្រចាប់ពី ៧៤ដុល្លារ និងពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ មានតម្លៃសំបុត្រចាប់ពី ៩៩ដុល្លារ។ ជើងហោះហើរត្រង់ទៅ-មក ទាំង៧ជើងហោះហើរ ក្នុងមួយសប្តាហ៍ នឹងទទួលអ្នកដំណើរប្រមាណជាង ១២៦០នាក់ក្នុងមួយសប្តាហ៍ ដែលនឹងចេញដំណើរទៅ-មក ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយ ប្រកាសដាក់បន្ថែមជើងហោះហើរអន្តរជាតិចំនួនពីរបន្ថែមទៀត ពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងដ៏ពេញនិយម និងរស់រវើកក្នុងប្រទេសវៀតណាម ដែលកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅទូទាំងសហគមន៍អាស៊ាន និងទៅកាន់គោលដៅផ្សេងៗទៀត។ គិតចាប់ពី ក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានដំណើរការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា ឆ្នាំ២០២៤ នេះកន្លងមក ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ ដែលមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់ ខេត្តសៀមរាប នឹងមាន៤ជើងហោះហើរ ទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី ហើយឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ នឹងបើកជើងហោះហើរថ្មីបន្ថែមទៀតចំនួន២ គោលដៅ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មកជាង ១០,០០០នាក់ ក្នុងមួយសប្តាហ៍ រវាងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការបង្កើនភ្ញៀវទេសចរ និងជាកត្តាជំរុញដ៏សំខាន់ដល់វិស័យ
ទេសចរណ៍ ក៏ដូចជាបង្កើតបាននូវអត្ថប្រយោជន៍ ដល់វិស័យសេដ្ឋកិច្ចជាច្រើនផងដែរ រួមមានការបង្កើតការងារ និងបង្កើននូវការអភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចទូទាំងប្រទេស»។
លោកបន្តថា «ខណៈពេលកម្ពុជា-វៀតណាម មានព្រំដែនប្រទល់ជាប់គ្នាដ៏វែងអន្លាយ រួមទាំងមានភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ និងតំបន់ជាច្រើនដ៏គួរឱ្យទាក់ទាញ ឆ្នេរសមុទ្រ និងរូបសំណាក់និមិត្តរូបជាច្រើន ហើយ នៅពេលអ្នកដំណើរទៅលេងប្រទេសវៀតណាម និងប្រទេសកម្ពុជា អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ នឹងភាពទាក់ទាញរបស់ប្រទេសទាំងពីរ រួមមានវប្បធម៌ ម្ហូបអាហារ និងបទពិសោធន៍ពិសេសៗ។ កម្ពុជា និងវៀតណាម គឺជាគោលដៅអាស៊ានដ៏សំខាន់ដែលផ្តល់ជូនឱ្យអ្នកដំណើរនូវឱកាស ដើម្បីទទួលបានបទពិសោធន៍ វប្បធម៌ ដ៏សម្បូរបែបគ្មានអ្វីប្រៀបផ្ទឹមបាន។ យើងជឿជាក់ថាជើងហោះហើរអន្តរជាតិថ្មី កម្ពុជា-វៀតណាម នឹងបើកបង្ហាញអំពីភាពដ៏ពេញនិយមរវាងប្រជាជាតិនៃប្រទេសទាំងពីរ និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាមរយៈបណ្តាញហោះហើរដ៏ធំរបស់ក្រុមហ៊ុន AirAsia Group ជាង១៣០គោលដៅ។
យើងនឹងបន្តស្វែងរកឱកាស ដើម្បីពង្រីកជើងហោះបន្ថែមទៀតនាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកដំណើរ»។
សូមបញ្ជាក់ថា ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំច្រកចូលទៅកាន់ភាពទាក់ទាញនៃទីក្រុងអច្ឆរិយៈជាមួយ អាហារដ៏សម្បូរបែប ការស្នាក់នៅក្នុងតម្លៃសមរម្យ និងវប្បធម៌ដ៏ផូរផង់។ AirAsia នឹងហោះហើរជាប្រចាំថ្ងៃ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបដែលនឹងផ្តល់ជូនអ្នកដំណើរ នូវតម្លៃដ៏សមរម្យបំផុតដើម្បីទស្សនាតំបន់នានានៃខេត្តសៀមរាប។ រីឯទីក្រុងហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាងគេ ក្នុងប្រទេសវៀតណាមដែលពោរពេញដោយហាងទំនិញល្បីៗ និងកន្លែងកម្សាន្តនាពេលរាត្រី។ ដោយឡែកទីក្រុងហាណូយក៏ ជាទីក្រុងដ៏ពេញនិយម ប្រកបដោយកន្លែងកម្សាន្ត ដើម្បីទទួលយកបទពិសោធន៍ដ៏សម្បូរបែបដូចជា ស្ថាបត្យកម្ម និងមុខម្ហូបប្លែកៗនៅក្នុង «Land Of The Blue Dragon» ផងដែរ។
ការដាក់សម្ពោធជើងហោះហើរថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AirAsia យ៉ាងមោះមុត ក្នុងការក្លាយជាក្រុមហ៊ុន អាកាសចរណ៍តម្លៃសមរម្យឈានមុខ ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន ខណៈពេលដែលកំពុងចូលរួមជំរុញកំណើនទេសចរណ៍នៅទូទាំងតំបន់៕