(ភ្នំពេញ)៖ លោក ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានក្រើនរំឮក ក៏ដូចជាជំរុញ និងលើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ត្រូវបង្កើនការហ្វឹកហាត់ បង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមប្រជែងមេដាយជូនជាតិជាថ្មី សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ខណៈសល់ពេល ១ឆ្នាំទៀតប៉ុណ្ណោះ ការប្រកួតនឹងមកដល់ ។
នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកួតកីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដូចជាការប្រកាសអំពីសមាសភាពកីឡាករ-កីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជា ដែលបានឆ្លងកាត់ការជម្រុះ កាលពីថ្មីៗ ដហើយត្រៀមបញ្ជូនទៅចូលរួមការប្រកួតអន្ដរជាតិ នៅថៃ និងអារ៉ាប់ប៊ីសាអូឌីត នាចុងឆ្នាំនេះ ។
ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាវេទិការមួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនីគ្រប់រូប បង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន បន្ទាប់ពីការខិតខំហ្វឹកហាត់នាពេលកន្លងមក ដើម្បីប្រជែងជយាលភី ។ លើសពីនេះ សម្រាប់កីឡាករ-កីឡាការិនីឆ្នើមៗ ក៏នឹងទទួលបានឱកាសក្លាយជាអត្តពលិកតំណាងកម្ពុជា ចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំក្រោយតែម្ដង ។
លោក ជា ចន្ទបរិបូរណ៍ បន្ដថា សហព័ន្ធទើបទទួលបានព័ត៌មានស្តីពីការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលនៅសល់ពេល ១ឆ្នាំទៀត។ ធម្មតារាល់ម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រចាំតំបន់នេះ រមែងពិនិត្យមើលនូវសក្តានុពលរបស់ខ្លួន បន្ទាប់មកទើបពិនិត្យសក្តានុពលរបស់បណ្តាប្រទេសក្នុងអាស៊ាន។ ដូច្នេះគេតែងតែរៀបចំយកប្រៀប ហើយគេតែងតែកាត់ចេញនូវវិញ្ញាសាសក្តានុពលនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់ផងដែរ ។
លោកថា «កីឡាករ-កីឡាការិនីអេឡិចត្រូនិកកម្ពុជា មានពេលវេលាហ្វឹកហាត់ត្រៀមលើវិញ្ញាសា ដែលយើងនឹងចូលរួមប្រកួត។ ដូច្នេះរយៈពេល ១ឆ្នាំ យើងត្រូវខិតខំសម្រួចគុណភាពបច្ចេកទេសឲ្យបានល្អប្រសើរ ក្នុងគោលដៅដណ្តើមមេដាយជូនប្រទេសជាតិជាថ្មី បន្ទាប់ពីទទួលបានជោគជ័យ និងមោទនភាព ដែលប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាឈ្នះមេដាយមាស លើសពីផែនការយុទ្ធសាស្ត្រ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣កន្លងទៅ»។
គោលដៅរបស់សហព័ន្ធមិនដើរថយក្រោយនោះទេ ពោលគឺដើរឆ្ពោះទៅមុនជានិច្ច តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានល្អប្រសើរ។ តាមរយៈនេះ លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវគោរពក្រមសីលធម៌ វិន័យកីឡាឲ្យបានខ្ជាប់ខ្ជួន ពិសេសគឺត្រូវជៀសឱ្យឆ្ងាយពីសារធាតុញៀន ឬសារធាតុហាមឃាត់ក្នុងកីឡា ដូប៉ា ឬសារធាតុលើកកម្លាំងជាដើម។ ដូច្នេះតាមរយៈការប្រកួតជើងឯកថ្នាក់ជាតិនាពេលខាងមុខ កីឡាករ-កីឡាការិនីគ្រប់រូប នឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីឈ្នះជើងឯកថ្នាក់ជាតិ ក៏ដូចជាការត្រៀមប្រកួតលើឆាកអន្ដរជាតិផងដែរ។ លោក ជា ចន្ទបរិបូរណ៍ បន្ថែម ។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ បែងចែកជា ២វិញ្ញាសា រួមមានវិញ្ញាសា Mobile legends : Bang Bang និងវិញ្ញាសា EFootball ។ សម្រាប់វិញ្ញាសា eFootball ក្រោយបញ្ចប់ការប្រកួតជម្រុះតាម Online នឹងត្រូវធ្វើការប្រកួតជុំចុងក្រោយនៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media Esports Center នាថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ខណៈវិញ្ញាសា Mobile legends : Bang Bang ក្រោយបញ្ចប់ការប្រកួតជម្រុះតាម Online នឹងត្រូវប្រកួតជុំចុងក្រោយនៅទីតាំងជាមួយគ្នា នាចន្លោះថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ៕