(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាថ្ងៃទី០៨ ខែវិច្ឆិកា បាននាំយកនូវទឹកពិសាកម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង ដាហ្ស DAZZ សរុបចំនួន ២៧០០កេស ប្រគល់ដោយផ្ទាល់ ជូនលោក ជួន ណារិន្ទ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ចែងបែងចែកជូន ដល់បងប្អូនកងកម្លាំងប៉ូលីស ដែលនឹងត្រូវឈរជើងប្រចាំការ ថែរក្សាសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនជនរួមជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក។

អ្នកឧកញ៉ា លាង ម៉េង ថ្លែងថា៖ «ខ្មែរ ប៊ែវើរីជីស ពិតជាមានសេចក្ដីរីករាយ និងកិត្តិយស ដែលបានចូលរួមចំណែក នាំយកផលិតផលភេសជ្ជៈ និងទឹកពិសាកម្ពុជា ដែលជាផលិតផល ផលិតក្នុងស្រុក Made in Cambodia ប្រគល់ជូន ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងបំបេសកកម្មលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ដែលបានលះបង់ពេលវេលា បំពេញកតព្វកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នាពេលឆាប់ៗខាងមុខនេះ»។

អ្នកឧកញ៉ា លាង ម៉េង សង្កត់ធ្ងន់ថា សុខទុក្ខរបស់បងប្អូនកងកម្លាំង មិនថាតែបងប្អូនកងកម្លាំងប៉ូលីស ឬកងកម្លាំងផ្សេងៗទៀត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែឆ្លៀតចូលរួមចំណែកលើកទឹកចិត្ត តិចច្រើនមិនដែលខាន ដើម្បីរួមចំណែកជួយលើកស្ទួយនិងរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរ។ ក្រុមហ៊ុន សង្ឃឹមថា វត្តមានរបស់ ទឹកពិសាកម្ពុជា រួមទាំងភេសជ្ជៈប៉ូវកម្លាំង Dazz និងភេសជ្ជៈផ្សេងៗ នឹងរួមចំណែកបំបាត់ភាពនឿយហត់ អស់កម្លាំង និងការលះបង់ របស់បងប្អូនកងកម្លាំង ដែលបំពេញការងារ អំឡុងនៃព្រះរាជពិធីបុណ្យអុំទូក រយៈពេល ៣ថ្ងៃនេះ។

រឹតតែពិសេសជាងនេះទៀត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស និងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរទូទាំងប្រទេស រយៈពេលបីថ្ងៃជាប់គ្នា សតុបចំនួន ៤ ទីតាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ ២០២៤ នេះ។

គួរបញ្ជាក់ផងដែរថា ទឹកពិសាកម្ពុជា គឺជាផលិតផលទឹកពិសាក្នុងស្រុកដែលផលិតដោយក្រុមហ៊ុនខ្មែរ និងជាផលិតផល «Made in Cambodia» ស្តង់ដារគុណភាពខ្ពស់លំដាប់ពិភពលោក ប្រើប្រាស់សុទ្ធតែបច្ចេកវិទ្យាចុងក្រោយបំផុត ពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER ដោយផ្តោតសំខាន់ទៅលើ បច្ចេកវិទ្យាបីសំខាន់ៗ គឺដកកករ ដកក្លិន ដកសារជាតិរ៉ែដែលមិនចាំបាច់សម្រាប់សុខភាពចេញពីទឹក៕