(បរទេស)៖ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានសម្តែងការជំទាស់យ៉ាងខ្លាំងចំពោះការណែនាំរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះដែលតម្រូវឱ្យក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing (TSMC) បញ្ឈប់ការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់អតិថិជនចិនមួយចំនួន។ សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបង្ហាញពីការព្រួយបារម្ភថា សកម្មភាពបែបនេះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ធុរកិច្ចតៃវ៉ាន់ និងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ​នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហរដ្ឋអាមេរិក «លេងកាតតៃវ៉ាន់» ហើយមានបំណងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ជាមួយតៃវ៉ាន់ ហើយថាទង្វើបែបនេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ក្រុមហ៊ុនតៃវ៉ាន់។

គួរជម្រាបថា ការអត្ថាធិប្បាយនេះ គឺជាការឆ្លើយតបជាផ្លូវការជាលើកដំបូងពីប្រទេសចិន បន្ទាប់ពី​ Reuters បានរាយការណ៍នៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានបញ្ជាឱ្យ TSMC ធ្វើដូច្នេះ។ ទាក់ទងនឹងរឿងរ៉ាវនេះ កាលពីប៉ុន្មានសប្តាហ៍មុន TSMC ទើបតែជួបរឿងដែលនឹងស្មានមិនដល់ ខណៈត្រូវបានរកឃើញថាបន្ទះឈីបរបស់ខ្លួនត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធដំណើរការរបស់ Huawei AI ដែលវាគឺជារឿងដែលបំពានច្បាប់សហរដ្ឋអាមេរិក៕