(វ៉ាស៊ីនតោន)៖ Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក នឹងឡើងសង្វៀនប្រកួតប្រដាល់សកលជាលើកដំបូង ទល់នឹង YouTuber គឺ Jake Paul នៅរាត្រីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខានស្អែកនេះ ជាមួយនឹងតម្លៃខ្លួន ២០លានដុល្លារផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការប្រកួតនេះដែរនឹងធ្វើឡើងនៅសង្វៀន Dallas AT&T ដែលស្ថិតក្នុងទីក្រុង Texas សហរដ្ឋអាមេរិក ដោយមានរយៈពេលជិត ២០ឆ្នាំមកហើយ គិតចាប់តាំង Tyson បានចូលនិវត្តន៍ពីប្រដាល់អាជីពមួយនេះ។
នេះក៏ជាលើកដំបូងផងដែរ នៅពេល Mike Tyson វ័យ ៥៨ឆ្នាំ ឡើងប្រកួតទល់នឹង Jake Paul វ័យ ២៧ឆ្នាំ ដ្បិតតារា YouTube រូបនេះទើបវាយបាន ១១លើក និងឈ្នះ ១០លើក។ ការប្រកួតនេះដែរគឺមាន ៨ទឹកសរុប និងរយៈពេល ២នាទីផងដែរក្នុង ១ទឹក។
គួររំលឹកផងថា Mike Tyson បានទទួលជ័យជម្នះ ៥០លើក ក្នុងចំណោម ៥៦ប្រកួតសរុប នៅមុនពេលព្យួរហ្គង់នៅលើជង្គង់នាអំឡុងឆ្នាំ២០០៥។ គាត់ជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោកក្មេងជាងគេក្នុងប្រវត្តិសាស្រ្ត វ័យត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ ដែលធ្លាប់កាន់កាប់ខ្សែក្រវាត់ WBA, WBC និង IBF ទៀតផងក្នុងឆ្នាំ១៩៨៧៕