(បរទេស)៖ លោក Danny Jordaan ដែលបានកាន់តំណែងប្រធានសមាគមបាល់ទាត់អាហ្រ្វិកខាងត្បូង (Safa) តាំងពីឆ្នាំ២០១៣ មក ត្រូវបានឃាត់ខ្លួន និងដាក់ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ពីបទកេងប្រវ័ញ្ចលុយសហព័ន្ធយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃនេះថា Hawks ដែលជាអង្គការស៊ើបអង្កេតបទឧក្រិដ្ឋឯករាជ្យរបស់ប្រទេសអាហ្រ្វិកខាងត្បូង បានកំពុងស៊ើបអង្កេតលោក Jordaan ពាក់ព័ន្ធទៅនឹងការបាត់លុយសហព័ន្ធប្រមាណ ៧២,០០០ដុល្លារនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៨ នៅពេលបុរសវ័យ ៧៣ឆ្នាំរូបនេះបានជួលក្រុមហ៊ុនសន្តិសុខឯកជន ដើម្បីការពារខ្លួន និងបណ្តាក់ទុនក្នុងក្រុមហ៊ុនដទៃ ដោយពុំមានការឯកភាពពីក្រុមប្រឹក្សា Safa ឡើយ។
នៅចាំបានថា លោក Jordaan គឺជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ក្នុងការជួយជ្រោមជ្រែងអាហ្រ្វិកខាងត្បូងទទួលបានសិទ្ធិរៀបចំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០១០ ក្រោយពេលរូបលោកជាប់ឆ្នោតបាន ៣ឆ្នាំ មុនឈានដល់ការឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ និងត្រូវបានសាកសួរនៅឯតុលាការ Palm Ridge Magistrates ស្ថិតក្នុងទីក្រុង Johannesburg។
កន្លងមក លោក Jordaan ត្រូវបានគេរិះគន់ជុំទិស និងស្នើឱ្យចុះចេញពីតំណែងទៀតផង ដ្បិតក្រុមបាល់ទាត់អាហ្រ្វិកខាងត្បូង ពុំដែលបានឈានទៅលេងជុំចុងក្រោយម្តងណាឡើយ គិតចាប់តាំងពី World Cup 2010 ក្នុងទឹកដីរបស់ខ្លួន ជាមួយនឹងវិស័យបាល់ទាត់ក្នុងប្រទេសមានការធ្លាក់ចុះជាខ្លាំងទៀតផង៕