(ប្រេស៊ីល)៖ លោក Dorival Jr បានចុចយកខ្សែប្រយុទ្ធ Vinicius Jr ដាក់ក្នុងបញ្ជីជម្រើសជាតិប្រេស៊ីល ដើម្បីទៅជំនួសមិត្តរួមក្រុម Rodrygo នៅការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 នៅតំបន់អាមេរិកខាងត្បូង ទល់នឹងក្រុមវ៉េណេស៊ុយអេឡា ដែលការប្រកួតធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ ។
នេះជាការវិលមកវិញរបស់ Vinicius Jr បន្ទាប់ពីបានខកខាតនៅការលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល ចំនួន ២ប្រកួតមានការប៉ះក្រុមប៉េរ៉ូ និងឈីលី កាលពីខែមុនដោយមានបញ្ហារបួស ហើយរូបគេនឹងត្រូវបានស្ថិតក្នុងជម្រើសដំបូងរបស់ក្រុម ខណៈមុនការវិលមកជាថ្មីនេះរូបគេរកបាន ២គ្រាប់ពីការលេងបាន ៩ប្រកួតផងដែរ ក្នុងឆ្នាំ២០២៤ នេះ ។
Rodrygo រងរបួសសាច់ដុំពេលលេងជាមួយ Real Madrid ក្នុងលីគ La Liga យកឈ្នះ Osasuna ៤-០ ជាមួយគ្នានោះ មិត្តរួមក្រុម Eder Militao នឹងមានការវះកាត់សរសៃ (ACL) ដែលរងរបួសក្នុងប្រកួតនេះ ហើយជម្រើសជាតិប្រេស៊ីល ក៏នឹងបន្តគ្មានវត្តមាន Neymar ដែលបន្តជួបបញ្ហារបួសជង្គង់ផងដែរ ។
សូមជម្រាបផងថា ក្នុងការប្រកួតជម្រុះ World Cup 2026 នៅតំបន់អាមេរិកខាងត្បូង ក្រុមជម្រើសជាតិប្រេស៊ីល កំពុងឈរនៅលេខរៀងទី៤ ពីឆ្លងកាត់លេងបាន ១០ប្រកួតរកបាន ១៦ពិន្ទុ ដែលវគ្គជម្រុះនេះជ្រើសយកតែ ៦ប្រកួតឡើងទៅជុំចុងក្រោយដែលមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ធ្វើសហម្ចាស់ផ្ទះរួមគ្នា ៕