(ម៉ាឌ្រីដ)៖ ព្រឹត្តិការណ៍វាយកូនបាល់ Billie Jean King Cup នឹងត្រូវចាប់ផ្តើមប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីពន្យារពេលដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសអេស្ប៉ាញនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា មូលហេតុភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបង្ខំឱ្យម្ចាស់ផ្ទះអេស្ប៉ាញ ដែលត្រូវប្រកួតបើកឆាកទល់នឹងប៉ូឡូញ ត្រូវបានពន្យារពេល និងត្រូវលើកយកមកប្រកួតនាថ្ងៃសុក្រស្អែកនេះ នៅឯទីលាន Palacio de Deportes Jose Maria Martin Carpena Arena ស្ថិតក្នុងទីក្រុង Malaga។

ជាមួយគ្នានោះដែរ ជប៉ុនដែលត្រូវប៉ះគូប្រជែង រ៉ូម៉ានីនឹងបន្តធ្វើឡើងដដែលទៅតាមកាលវិភាគនាថ្ងៃព្រហស្បតិ៍នេះ មុនពេលសហរដ្ឋអាមេរិក ត្រូវប៉ះស្លូវ៉ាគី ជាបន្តបន្ទាប់។

គួរបញ្ជាក់ផងថា វាមានរយៈពេលជាង ២សប្តាហ៍មកហើយ ដែលភាគខាងកើតអេស្ប៉ាញ បានរងការគំរាមកំហែងដោយទឹកជំនន់ ជាមួយនឹងតំបន់ជាច្រើនបានដាក់ក្នុងការប្រកាសអាសន្ន និងកម្មវិធីប្រកួតកីឡាមួយចំនួនផ្សេងទៀត ត្រូវបានប្រកាសពន្យារពេលដែរ។

Billie Jean King Cup គឺជាកម្មវិធីវាយកូនបាល់ (Tennis) ដោយមានស្រ្តី ១២ប្រទេសចូលរួម ដែលកីឡាការិនីជើងឯក ត្រូវបានគេចាត់ទុកថាជា ជើងឯកពិភពលោក និងប្រកួតជាលក្ខណៈក្នុងសាល (Indoor) គ្រោងបញ្ចប់ត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕