(បរទេស)៖ បន្ទាប់ពីលោក Donald Trump បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន គេឃើញមាននាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរួមទាំង លោក Tim Cook ដែលជា CEO ក្រុមហ៊ុន Apple, CEO របស់ Meta លោក Mark Zuckerberg និង CEO របស់ Amazon លោក Jeff Bezos បានសរសើរ និងសាទរជាសាធារណៈចំពោះប្រធានាធិបតីជាប់ឆ្នោត លោក Trump។ ប៉ុន្តែមនុស្សសំខាន់ម្នាក់ទៀត ដែលអវត្តមានក្នុងការសាទរនោះ គឺនាយកប្រតិបត្តិ TikTok លោក Shou Zi Chew ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
អវត្តមានរបស់ លោក Shou Zi Chew គឺគួរឲ្យកត់សំគាល់ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំងអស់ ត្បិត TikTok ប្រឈមមុខនឹងការគំរាមកំហែង និងអត្ថិភាពបំផុតពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ កាលពីខែមេសា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់ ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance របស់ប្រទេសចិនលក់ TikTok ឲ្យក្រុមហ៊ុនណាមួយរបស់អាមេរិក ត្រឹមថ្ងៃទី១៩ ខែមករា។ ប្រសិនបើ ByteDance បរាជ័យក្នុងការធ្វើតាម នឹងត្រូវបានហាមឃាត់មិនឱ្យដំណើរការនៅក្នុងទឹកដីសហរដ្ឋអាមេរិកឡើយ។ តែយ៉ាងណា ក្រោយលោក Trump ទទួលជ័យជំនះក្នុងការបោះឆ្នោត ត្រូវបានគេរំពឹងថា កម្មវិធីវីដេអូខ្លីៗមួយនេះនឹងមានខ្សែជីវិតវែងឆ្ងាយបន្តទៀតលើទឹកដីមហាអំណាចមួយនេះ។
ទោះបីជាទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានគាំទ្រការហាមប្រាម TikTok ក្នុងខែមេសាក៏ដោយ ប៉ុន្តែលោក Trump បានសម្តែងការប្រឆាំងនឹងការហាមឃាត់នេះ ក្នុងអំឡុងពេលលោកកំពុងឈរឈ្មោះជាបេក្ខភាពក្នុងការបោះឆ្នោត។ Trump បានទទួលស្គាល់ពីកង្វល់សន្តិសុខជាតិ និងឯកជនភាពទិន្នន័យពីការប្រើ TikTok នៅក្នុងបទសម្ភាសន៍ខែមីនាជាមួយ «Squawk Box» របស់ស្ថានីយទូរទស្សន៍ CNBC ប៉ុន្តែគាត់ក៏បាននិយាយថា «មានរឿងល្អ និងអាក្រក់ជាច្រើន» ជាមួយកម្មវិធីនេះ។ ព្រោះលោក Trump ក៏បានប្រើប្រាស់កម្មវិធីមួយនេះ ដើម្បីរកសំឡេងឆ្នោតអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។
និយាយក្នុងបណ្តាញសង្គម Truth Social លោក Trump បានអះអាងថា «យើងមិនធ្វើអ្វីជាមួយ TikTok ទេ ប៉ុន្តែភាគីម្ខាងទៀតនឹងបិទវា ដូច្នេះប្រសិនបើអ្នកចូលចិត្ត TikTok ចូរចេញទៅបោះឆ្នោតឱ្យ Trump»។ ដូច្នេះបានន័យថា ពេលលោកជាប់ឆ្នោតនោះ TikTok នឹងដំណើរការល្អវិញ ពោលគឺអាចលុបចោលនូវច្បាប់ ហាមឃាត TikTok ដែលចុះហត្ថលេខាដោយលោក Biden ឬកែប្រែច្បាប់នេះ។ តែយ៉ាងណា ចាប់តាំងពីជាប់ឆ្នោតមក លោក Trump មិនបានពិភាក្សាជាសាធារណៈអំពីផែនការរបស់លោកសម្រាប់ TikTok ទេ ប៉ុន្តែអ្នកនាំពាក្យរបស់លោក គឺ លោកស្រី Karoline Leavitt បានប្រាប់ CNBC ថាប្រធានាធិបតីជាប់ឆ្នោត «នឹងនិយាយពីរឿងនេះ»។
លោកស្រីបានបន្ថែមថា «ប្រសិនបើ ByteDance មិនលក់ TikTok ត្រឹមថ្ងៃកំណត់ខែមករា លោក Trump អាចអំពាវនាវឱ្យសភាលុបចោលច្បាប់នេះ ឬគាត់អាចណែនាំ «ការអនុវត្តជម្រើស» ផ្សេងនៃច្បាប់ដែលនឹងអនុញ្ញាតឱ្យ TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដោយមិនប្រឈមនឹងការពិន័យ៕