(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិ Equatorial Guinea បានឆ្លងចូលវគ្គចែកពូល ២៤ក្រុមចុងក្រោយនៃពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2025 នៅពេលតូហ្គោលេងចាញ់នៅរាត្រីថ្ងៃពុធ ដែលស្ថិតក្នុងពូល E ជាមួយគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ការបរាជ័យក្នុងផ្ទះរបស់លីបេរីយ៉ា (Liberia) ដោយបាល់ ១១ម៉ែត្រនៅនាទី៨៣ បានធ្វើឱ្យតូហ្គោ (Togo) អវត្តមានសម្រាប់ជុំចុងក្រោយនៅ Nations Cup ជាលើកទី៤ ជាប់ៗគ្នាផងដែរ គិតចាប់តាំងពីពួកគេបានបង្ហាញខ្លួនលើកចុងក្រោយនៅឆ្នាំ២០១៧ ដែលមានកាបុងធ្វើម្ចាស់ផ្ទះ។
ប៉ុន្តែការបរាជ័យនេះដែរ វាបានក្លាយជាឱកាសមាសសម្រាប់ Equatoria Guinea ទទួលបានកៅអី១ ក្នុងចំណោម ២ក្រុមកំពូលតារាងចេញពីពូល E ទោះនៅសល់ ២ប្រកួតទៀត មុនបញ្ចប់វគ្គជម្រុះជុំទី៤ ដែលត្រូវប៉ះអាល់ហ្សេរី និងតូហ្គោ ក៏ដោយ។
ពួកគេបានឈានដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុមចុងក្រោយកាល Nations Cup 2023 ដែលមានកូដឌីវ័យធ្វើម្ចាស់ផ្ទះកាលដើមឆ្នាំ២០២៤ និងបានក្លាយជាក្រុមទី៩ ដែលបានកក់កៅអីទៅប្រទេសម៉ារ៉ុករួចរាល់ផងដែរ ជាមួយក្រុមជម្រើសជាតិអាល់ហ្សេរី, អង់ហ្គូឡា, ប៊ូគីណេហ្វាសូ, កាមេរូន, DR កុងហ្គោ, អេហ្ស៊ីប, សេណេហ្គាល់ និងម្ចាស់ផ្ទះម៉ារ៉ុក៕