(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេ Nvidia និង SoftBank Corp ត្រូវបានរាយការណ៍មកថា បានសាកល្បងបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដំបូងបង្អស់លើពិភពលោក និងបណ្តាញទូរគមនាគមន៍ 5G។ នេះបើតាការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters។

ក្រុមហ៊ុនបានប្រកាសថា បណ្តាញនេះអាចដំណើរការបន្ទុកការងារ AI និង 5G ក្នុងពេលដំណាលគ្នា ដែលជាដំណើរការមួយត្រូវបានគេស្គាល់ថាជាបណ្តាញចូលប្រើវិទ្យុឆ្លាតវៃសិប្បនិម្មិត (AI-RAN) ។ កម្មវិធីសម្រាប់បណ្តាញរួមមាន ការគាំទ្រពីចម្ងាយ, យានយន្តស្វ័យប្រវត្តិ និងការគ្រប់គ្រងមនុស្សយន្តជាដើម។ លោក Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank Group បាននិយាយនៅក្នុងព្រឹត្តិការណ៍ AI មួយនាពេលថ្មីៗនេះ ជាកន្លែងដែលលោកបានជួបនិយាយជាមួយនាយកប្រតិបត្តិ Nvidia លោក Jensen Huang ថា «រាល់ទូរគមនាគមន៍ផ្សេងទៀតនឹងត្រូវអនុវត្តតាមរលកអាកាសថ្មីនេះ»

លោក Huang បាននិយាយថា SoftBank គឺជាក្រុមហ៊ុនដំបូងគេដែលបានទទួលការរចនាបន្ទះឈីប Blackwell ថ្មីរបស់ Nvidia ដែលវាកំពុងបញ្ចូលទៅក្នុងកុំព្យូទ័រទំនើប AI ដែលខ្លួនកំពុងអភិវឌ្ឍដើម្បីបង្កើតគំរូ AI ជំនាន់ថ្មី៕