(ប៉ារីស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងបារាំង បានឈ្នះកៅអីម្នាក់មួយ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025 ដ្បិតនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាសូរីអ៊ីតាលី អតីតក្រុមលេខ៣ នៅ UNL កាលឆ្នាំ២០២៣ បានយកឈ្នះម្ចាស់ផ្ទះប៊ែលហ្សិក ១ទល់នឹង០ នាយប់មិញនេះ ក្នុងប្រកួតទី៥ ជើងទី២ គ្រាដែលមាន់គកបារាំង អតីតជើងឯកពាន ២ឆ្នាំម្តងជំនាន់ទី២ បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាទល់នឹងម្ចាស់ផ្ទះអ៊ីស្រាអែល ប្រចាំ League A ក្រុម២។
តាមរយៈលទ្ធផលនេះដែរ បានធ្វើឱ្យអ៊ីតាលី រកបាន ១៣ពិន្ទុឈរទីកំពូលតារាង តាមពីក្រោយដោយបារាំងដែលមាន ១០ពិន្ទុ ស្របពេលប៊ែលហ្សិកមាន ៤ពិន្ទុឈរលេខ៣ និងអ៊ីស្រាអែលមាន ១ពិន្ទុឈរបាតតារាង។
ក្នុងប្រកួតនោះដែរ ខ្សែបម្រើមកពីក្លិប Newcastle United គឺ Sandro Tonali ជាអ្នករកបានគ្រាប់ជ័យជម្នះ និងជាគ្រាប់ដំបូងរបស់គេផងដែរ ពីការលេងឱ្យអ៊ីតាលី ២០លើកមកនេះ ដែលត្រូវប៉ះបារាំងនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ប្រជែងយកតំណែងកំពូលតារាង គ្រាដែលប៊ែលហ្សិក ត្រូវជួបអ៊ីស្រាអែលប្រជែងយកកៅអីលេងវគ្គជម្រុះ៕