(បរទេស)៖ ក្រុមហ៊ុន Apple កំពុងរៀបចំផែនការដាក់ដំណើរការថេប្លេតថ្មីរបស់ខ្លួន ដែលមានសមត្ថភាពអាចគ្រប់គ្រងឧបករណ៍, គ្រប់គ្រងការប្រជុំជាវីដេអូ និងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីរុករកកម្មវិធី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
តាមរបាយការណ៍បានឲ្យដឹងថា ផលិតផលថ្មីនេះមានឈ្មោះកូដ J490 អាចត្រូវបានប្រកាសនៅដើមខែមីនាខាងមុខ ដោយបន្ថែមថា វានឹងផ្តោតលើវេទិកា AI ថ្មីគឺ Apple Intelligence។ ជុំវិញដំណឹងនេះ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។ តែយ៉ាងណា ប្រភពបានគូសបញ្ជាក់ថា ឧបករណ៍កម្រិតខ្ពស់នេះអាចមានតម្លៃដល់ទៅ ១,០០០ដុល្លារ អាស្រ័យលើសមាសធាតុដែលត្រូវបានប្រើប្រាស់។ ការត្រៀមបញ្ចេញឧបករណ៍ថ្មីពីសំណាក់ Apple នៅពេលនេះ ត្រូវបានគេមើលឃើញថា ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងនៅក្នុងទីផ្សារផ្ទះឆ្លាតវៃ រួមទាំង Google, Nest Hub , Echo Show របស់ Amazon និង Echo Hub ជាអេក្រង់ឆ្លាតវៃជាដើម។
គួរជម្រាបថា ថេប្លេត AI wall នេះត្រូវបានគេរំពឹងថា ដូចទៅនឹង iPad រាងការ៉េ ហើយមានទំហំប៉ុន iPhones ពីរនៅជាប់គ្នា មានអេក្រង់ប្រហែល ៦អ៊ីង ហើយនឹងត្រូវបានផ្តល់ជូនជាពណ៌ប្រាក់ និងពណ៌ខ្មៅ។ ផលិតផលនេះនឹងក្លាយជាឧបករណ៍ឯករាជ្យ ប៉ុន្តែវានឹងត្រូវការ iPhone ជាជំនួយ សម្រាប់កិច្ចការមួយចំនួន៕