(តូរីន)៖ Jannik Sinner តារាតេន្នីសលំដាប់លេខ១ ពិភពលោក បានឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ ATP Finals 2024 ជាបន្តទៀត នៅពេល Taylor Fritz បានយកឈ្នះ Alex de Minaur ដោយលទ្ធផល ៥-៧ ៦-៤ និង ៦-៣ នាយប់មិញ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទាំង Sinner និង Fritz ត្រូវរង់ចាំគូប្រកួតនៅវគ្គ ៤នាក់ចុងក្រោយ ATP Finals មានដូចជា Carlos Alcaraz, Alexander Zverev, Casper Ruud និង Andrey Rublev ដែលបានកំពុងប្រកួតនៅឡើយ នៅទីលានស្ថិតក្នុងទីក្រុង Turin ប្រទេសអ៉ីតាលី។
ពីការលេងក្នុងទឹកដីរបស់ខ្លួន Sinner ដែលបានឈ្នះពានដល់ទៅ២ ក្នុងកម្រិត Grand Slam នាឆ្នាំនេះ បានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev ក្នុងលទ្ធផល ៦-៣ និង ៦-៤ ដើម្បីឈរទីកំពូលតារាង Ilie Nastase តាមរយៈជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាទៀតផង។
កីឡាករសញ្ជាតិអ៉ីតាលីរូបនេះ នឹងត្រូវប៉ះគូប្រជែងដែលឈរនៅចំណាត់ថ្នាក់លេខ២ ចេញពីពូល John Newcombe ដ្បិតកន្លងមក Sinner ឈ្នះពាន ៧មកហើយក្នុងកម្រិត ATP Tour ប្រចាំឆ្នាំ២០២៤ ជាមួយនឹងជ័យជម្នះ ៦៨លើក ក្នុងចំណោម ៧៤ប្រកួតសរុបទៀតផង៕