(ភ្នំពេញ)៖ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា(CPBC) បានរៀបចំការប្រកួតប្រដាល់អាជីពជាថ្មី ដើម្បីបញ្ចូលកំណត់ត្រាក្នុងវេបសាយអន្ដរជាតិ BOXREC ក៏ដូចជាបើកឱកាសឲ្យកីឡាករកម្ពុជា បានចូលរួមប្រកួតក្រៅប្រទេស និងកៀគរថវិកាជួយដល់កុមារកម្ពុជាផងដែរ ។ ការប្រកួតនេះ បានធ្វើឡើងនៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយមានការប្រកួតសរុបចំនួន ៧គូ។

លោក ប៊ុយ សុភ័ណ្ឌ ប្រធាន CPBC បានឲ្យដឹងថា នេះជាលើកទី៣ ហើយ ដែលគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា សហការជាមួយគណៈកម្មការប្រដាល់សកលអាជីពជប៉ុន (JBC) រៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងបញ្ចូលកំណត់ត្រារបស់កីឡាករ ដែលមានឈ្មោះចូលរួមប្រកួតទាំងអស់ ទៅក្នុងវេបសាយ BOXREC ជាវេបសាយកំណត់ត្រាផ្លូវការ ដែលគ្រប់ស្ថាប័នប្រដាល់សកលអាជីពទាំងអស់ យោងតាមកំណត់ត្រានេះ ដើម្បីអនុញ្ញាតឲ្យកីឡាករអាចចូលរួមការប្រកួតក្រៅប្រទេសបាន ។

លោកបន្ដថា «កំណត់ត្រានេះ ពិតជាមានសារៈសំខាន់ ក្នុងកិច្ចសហការជាមួយភាគីជប៉ុន ដើម្បីឲ្យមានកំណត់ត្រា និងបញ្ជូនកីឡាករប្រដាល់សកលអាជីពកម្ពុជា ទៅប្រកួតនៅក្រៅប្រទេស ពិសេសប្រទេសជប៉ុន ។ ជាក់ស្ដែងកន្លងមកយើងធ្លាប់បញ្ជូនកីឡាករម្នាក់ហើយ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ CBPC ក៏គ្រោងបញ្ជូនកីឡាករប្រដាល់សកលអាជីពកម្ពុជា ២រូប ចូលរួមការប្រកួតជាលើកទី២ ដែរ ។ យើងសង្ឃឹមថា បន្ទាប់ពីការរៀបចំការប្រកួតដើម្បីមានកំណត់ត្រាជាមួយភាគីជប៉ុននេះ ឆ្នាំក្រោយៗយើងនឹងមានលទ្ធភាពបញ្ជូនកីឡាករចូលរួមកាន់តែច្រើនបន្ថែមទៀត»

ទន្ទឹមជាមួយការប្រកួត ដែលមានការទទួលជាផ្លូវការពីស្ថាប័នប្រដាល់សកលអាជីពអន្តរជាតិនេះ គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា ក៏បានឱកាសនេះ ដើម្បីកៀគរថវិការជួយដល់កុមារកម្ពុជាផងដែរ ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផលការប្រកួតនេះវិញ រួមមានក្រុមកីឡាករ ឈុត ចិត្រា ឈ្នះកីឡាករ នា រតនា ដោយពិន្ទុ, កីឡាករ នា សុវណ្ណ ឈ្នះកីឡាករ ឈុត សីហា ត្រឹមទឹកទី១, កីឡាករ ស្រឿន ម៉េងហ៊ាង ឈ្នះកីឡាករ ឡឹប វិសាល ដោយពិន្ទុ, កីឡាករ គួន វ៉ុន ឈ្នះកីឡាករ ផាត់ សុខសីហា ត្រឹមទឹកទី២, កីឡាករ រ៉ុន វីរៈ ឈ្នះ កីឡាករ ខុន ឌីណា ត្រឹមទឹក១, កីឡាករ ម៉ាង ព្រហ្មម៉ាញ ឈ្នះកីឡាករ សន ចិន ដោយពិន្ទុ និងកីឡាករ វី សុភ័ស ឈ្នះកីឡាករ Franiatte Theo ដោយពិន្ទុដូចគ្នា ៕