(បរទេស)៖ ក្រុមហ៊ុន Samsung Electronics បានឈានដល់កិច្ចព្រមព្រៀងបឋមជាមួយសហជីពកម្មកររបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ការដំឡើងប្រាក់ឈ្នួល ៥.១%។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ក្រុមហ៊ុនបានប្រកាសថា សមាជិកសហជីពនឹងបោះឆ្នោតលើកិច្ចព្រមព្រៀងនេះ ដែលរួមមានថ្ងៃឈប់សម្រាក និងប្រាក់រង្វាន់បន្ថែម ដែលអាចត្រូវបានប្រើដើម្បីទិញផលិតផលអេឡិចត្រូនិក Samsung និងអត្ថប្រយោជន៍ផ្សេងទៀត ខណៈការបោះឆ្នោតនឹងមានរយៈពេលមួយសប្តាហ៍ ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ។
សហព័ន្ធអេឡិចត្រូនិក Samsung ក៏បានប្រកាសពីកិច្ចព្រមព្រៀងបឋមនៅលើ YouTube របស់ខ្លួនផងដែរ។

គួរជម្រាបថា សហជីពដែលមានសមាជិកចំនួន ៣៦,៥០០នាក់ បង្កើតបានប្រហែល ៣០% នៃកម្លាំងការងារក្នុងប្រទេសកូរ៉េខាងត្បូងរបស់ Samsung Electronics។ ការធ្វើកូដកម្មនេះ ត្រូវបានគេដឹងថាបានបន្តធ្វើតាំងពីខែកក្កដាមក បើទោះបីជាក្រុមហ៊ុនអះអាងថា មិននាំឱ្យមានការរំខានណាមួយនៅក្នុងផលិតកម្មក៏ដោយ ហើយពេលនេះទើបតែឈានដល់កិច្ចព្រមព្រៀងបឋមនៅឡើយ៕