(លីស្បោន)៖ Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះរបស់ក្រុមជម្រើសជាតិបច្ចខែលព័រទុយហ្គាល់ បំបាក់គូប្រជែងប៉ូឡូញ ៥-១ នាយប់មិញនេះ ក្នុងការឆ្លងចូលវគ្គ ៨ក្រុមជាបន្តទៀតនៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2024-2025។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ២គ្រាប់របស់ប្រធានក្រុមចាស់វស្សារូបនេះ កើតឡើងនៅវគ្គទី២ ពីការទាត់ផ្កាប់ចាន (bicycle kick) និងប៉េណាល់ទី ក្រោយពេលមិត្តរួមជាតិ Rafael Leao រកបានគ្រាប់នាំមុខក្រុមភ្ញៀវប៉ូឡូញ តាំងពីនាទី៥៩ មក។

៣ពិន្ទុដោយស្រួលក្នុងកីឡដ្ឋាន Estadio Do Dragao នៃប្រកួតទី៥ ជើងទី២ ប្រចាំ League A ក្រុម១ បានញាំងឱ្យក្រុមរបស់លោក Roberto Martinez ឆ្លងចូលវគ្គចាញ់ធ្លាក់ ១/៤ជាបន្តទៀតជាមួយមាន់គកបារាំង និងអាសូរីអ៊ីតាលី នៅពេលដែល Marczuk រកបានតែ ១គ្រាប់ឱ្យប៉ូឡូញ និងឈរនៅលេខ៣ មានតែ ៤ពិន្ទុប៉ុណ្ណោះដដែល។

២គ្រាប់បន្ថែមរបស់ខ្សែប្រយុទ្ធដែលត្រូវបានជ្រើសរើសចេញពីក្លិប Al-Nassr បានធ្វើឱ្យ Ronaldo រកបាន ៥គ្រាប់ផងដែរ ក្នុងចំណោមលេង ៥ប្រកួតដូចគ្នាក្នុងពាន Nations League ជំនាន់ទី៤ នេះ ក្នុងនាមព័រទុយហ្គាល់ ជាក្រុមដែលធ្លាប់ឈ្នះពាននេះបានមុនគេផងដែរ នារដូវកាលឆ្នាំ២០១៨-២០១៩ ក្នុងទឹកដីរបស់ខ្លួនទៀតផង៕