(បរទេស)៖ ប្រភពពីមន្ត្រីក្នុងប្រទេសវៀតណាម បាននិយាយនៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសវៀតណាមបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុន LG Display របស់កូរ៉េខាងត្បូង ដែលនឹងមើលឃើញពីការបង្កើនការវិនិយោគនៅក្នុងទីក្រុងកំពង់ផែភាគខាងជើងនៃទីក្រុង Haiphong ចំនួន១ពាន់លានដុល្លារ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា ការវិនិយោគនេះនឹងជំរុញទិន្នផលអេក្រង់ OLED របស់ក្រុមហ៊ុននៅរោងចក្រ Haiphong ព្រមទាំងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នៅក្នុងប្រទេសវៀតណាមរហូតដល់ ៥.៦៥ពាន់លានដុល្លារ។
គួរជម្រាបថា LG Display គឺជាក្រុមហ៊ុនកូរ៉េខាងត្បូងមួយដែលវិនិយោគទឹកប្រាក់ច្រើនជាងគេបំផុត នៅតំបន់ឧស្សាហកម្ម Hai Phong ។ រោងចក្រនេះ នឹងទទួលរ៉ាប់រងលើសង្វាក់ផលិតកម្មទាំងអស់ រួមបញ្ចូលទាំងអេក្រង់ OLED សម្រាប់បំពាក់លើ iPhone មួយចំនួនធំ ខណៈ OLED គឺជាផ្ទាំងអេក្រង់ល្អជាងគេបំផុតសម្រាប់គ្រឿងអេឡិចត្រនិច ដែលរោងចក្រនៅវៀតណាម នឹងទទួលផលិតទុកបំពាក់លើ ទូរទស្សន៍វៃឆា្លត ស្មាតហ្វូន និងអេក្រង់យានយន្តទំនើបផងដែរ៕