(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus និងកីឡាករ Paul Pogba បានព្រមព្រៀងគ្នា ក្នុងការរំលាយកិច្ចសន្យាមុនពេលកំណត់ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ខ្សែបម្រើអន្តរជាតិបារាំង វ័យ ៣១ឆ្នាំ បានទទួលចំណូលប្រមាណ ៦.៩លានផោនក្នុង ១ឆ្នាំពីក្លិបសេះបង្កង់ Juventus មុនឈានដល់ផ្លូវបំបែកចាប់ពីថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ។
នេះមានន័យថា Pogba បន្តចាកចេញពីក្លិបលេងនៅ Serie A ជាលើកទី២ ទៀត មុនពេលចាកចេញលើកដំបូងមកចូលរួមជាមួយ Manchester United និងចាកចេញពី Old Trafford ទៅលេងឱ្យ Juventus វិញ ជាទីដែលរូបគេត្រូវបានតេស្តរកឃើញមានពាក់ព័ន្ធនឹងសារធាតុញៀនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ក្នុងប្រកួតដែល Juventus ប្រកួតទល់នឹង Udinese ក្នុងលីគរបស់អ៉ីតាលី។
យ៉ាងណាក៏ដោយ បម្រាមព្យួរជើង ៤ឆ្នាំរបស់ Pogba ត្រូវបានកាត់បន្ថយមកនៅត្រឹម ១៨ខែវិញ ដ្បិតរូបគេអាចចូលទីលានហ្វឹកហាត់បានវិញចាប់ពីខែមករា ឆ្នាំ២០២៥ និងចូលលេងប្រកួតផ្លូវការចាប់ពីខែមីនា ដែលបច្ចុប្បន្ននេះរូបគេ ស្ថិតនៅ free agent (គ្មានតម្លៃផ្ទេរ) នៅឡើយ៕