(ប៉ារីស)៖ ក្លិបបាល់ទាត់អាជីព Olympique Lyonnais (Lyon) បានកំពុងប្រឈមទៅនឹងការកាត់ទៅលេងនៅខណ្ឌក្របខណ្ឌលីគទី២ Ligue 2 របស់បារាំងចាប់ពីរដូវកាលក្រោយតទៅ ប្រសិនបើបញ្ហាហិរញ្ញវត្ថុនៅតែដោះស្រាយមិនចេញទេនោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Lyon ដែលកំពុងមានវត្តមាននៅ Ligue 1 និងពានលំដាប់ទី២ អឹរ៉ុប UEFA Europa League នារដូវកាលនេះ ប្រឈមទៅនឹងបាត់មុខពីលីគកំពូលបារាំង នៅពេលបញ្ចប់រដូវកាលឆ្នាំ២០២៤-២០២៥ និងជាប់បម្រាមទិញកីឡាករថ្មីចូលផងដែរនាខែមករាខាងមុខ។
Lyon ដែលមានលោក John Textor ជាម្ចាស់ក្លិប និងបានគ្រប់គ្រងក្លិប Crystal Palace នៅ Premier League រួមទាំងក្លិបប្រេស៊ីល Botafogo ផងនោះ បានធ្លាក់ចូលបំណុលនាពេលថ្មីៗនេះ ក្រោយពេលក្រុមហ៊ុន Eagle Football Group ទើបតែបានប្រកាសពីបំណុលកើនដល់ ៤២២លានផោន។
ស្ថាប័ន DNGC ដែលបានឃ្លាំមើលនៅគ្រប់គណនីចំណូលចំណាយបណ្តាក្លិបអាជីពនៅបារាំងទាំងអស់ បានទម្លាយពីហិរញ្ញវត្ថុដែល Lyon បានកំពុងជួបប្រទះនាពេលនេះ។
នេះមានន័យថា Lyon អតីតក្រុមជើងឯក Ligue 1 ៧សម័យកាល ត្រូវតែបង្ខំចិត្តលក់កីឡាករសំខាន់ៗចេញមួយចំនួននាអំឡុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០២៥ ដើម្បីសង្រ្គោះហិរញ្ញវត្ថុក្នុងក្លិប និងបន្តឈរជើងនៅ Ligue 1 បន្តទៀតដែរ។
លើសពីនេះទៀត មហាសេដ្ឋីអាមេរិក Textor ត្រូវបានគេរាយការណ៍ថា រូបលោកអាចនឹងលក់ភាគហ៊ុនខ្លះ និងកីឡាករមួយចំនួនផងដែរក្នុងក្លិប Botafogo ដែលបច្ចុប្បន្ននេះ Lyon កំពុងឈរនៅលេខរៀងទី៥ នៃ Ligue 1 និងលេខ៩ ផងដែរនៅ UEL៕